(ព្រៃវែង)៖ កម្លាំងមន្ទីយុត្តិធម៌ នៃទីបញ្ជាការអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងអាវុធហត្ថស្រុកពាមរក៍ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន២ករណីក្នុងថ្ងៃតែមួយ ដោយឃាត់ជនសង្ស័យ៥នាក់ ដកហូតម៉ូតូ១គ្រឿង និងវត្ថុតាងមួយចំនួន នៅចំណុចភូមិ០១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។
មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែងលោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសទី១ បានធ្វើងឡើងនៅវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិ០១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ឃាត់ខ្លួនជនសង្ស័យបាន០២នាក់។ ជនសង្ស័យទី១.ឈ្មោះយិន រត្ន័ អាយុ២៤ឆ្នាំ មុខរបរកម្មករ និងទី២.ឈ្មោះ ដួង វុធ អាយុ២៤ឆ្នាំ មុខរបរកម្មករ។ ជនសង្ស័យទាំង២នាក់ រស់នៅភូមិ ឃុំព្រែកក្របៅ ស្រុកពាមជរ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍ស០១កញ្ចប់ ទូរស័ព្ទ០២គ្រឿង ម៉ូតូ០១គ្រឿង។
ចំណែកការចុះបង្ក្រាបបទល្មើសទី២ នៅម៉ោង២៣៖២០នាទីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ កំលាំងមន្ទីរយុត្តិធម៌សហការជាមួយស្រុកពាមរក៍ ចំនួន០៨នាក់ រថយន្ដ០១គ្រឿង ម៉ូតូ០២គ្រឿង ចុះបង្គ្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិ០១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ទី១.ឈ្មោះភាព ភារ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួលខេត្តកណ្ដាល ទី២.ឈ្មោះផន សុភក្ដិ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រនាងថ្មី ឃុំពោធិ៍អង្គ្រង ស្រុកបសែតខេត្តកំពង់ស្ពឺ ទី៣.ឈ្មោះមាន បាន ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដកហូតបានវត្ថុតាងរួមមាន៖- ម្សៅក្រាមពណ៌ស០១កញ្ចប់តូច ទូរស័ព្ទ ០៣គ្រឿង ម៉ូតូ០១គ្រឿង ។
សូមបញ្ចាក់ថា បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើនេះ និងវត្តុតាង បានធ្វើការឃាត់ខ្លួន និងរក្សាទុកនៅមន្ទីយុត្តិធម៌ដើម្បីចាត់ការតាមនីតិវិធី ៕