(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបង្ហាញមុខក្រុមចោរកាច់សោម៉ូតូយ៉ាងសកម្មចំនួន៦នាក់ និងបញ្ជូនសំណុំរឿង ទៅកាន់តុលាការនៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅក្នុងខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង៦នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់បាននោះទី១-ឈ្មោះ ពេទ្យ ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិម្រាលធំ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ដោក សំអូន ហៅខ្មៅ រស់នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ទី៣-ឈ្មោះផូ សុខា អាយុ៣២ឆ្នាំ នៅភូមិពោធិម្រាល ឃុំពោធ៨ម្រាល ស្រុកបសេដ្ឋ ទី៤-ឈ្មោះ សែ រិទ្ធ អាយុ១៨ឆ្នាំ ទី៥-ឈ្មោះភិន ភារុណ អាយុ១៨ឆ្នាំ និងទី៦-ឈ្មោះវាស្នា អាយុ១៩ ឆ្នាំនៅកំពង់សោម។
ក្រុមជនសង្ស័យទាំងនោះត្រូវបានកម្លាំងនគរបាលជំនាញ បើកប្រតិបត្តិការបង្ក្រាប បានបន្តបន្ទាប់គ្នា ក្នុងនោះ មុខសញ្ញា៣នាក់ឃាត់ នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយមានការសហការជាមួយកម្លាំងនគរបាលខាងម្ចាស់ទឹកដីផងដែរ។
ចំពោះមុខសញ្ញាជនសង្ស័យទាំង៦នាក់នោះ ពួកវាមានបក្ខពួកច្រើនទៀតដែលធ្លាប់ធ្វើសកម្មភាពកាត់សោកម៉ូតូ ស្ទើរគ្រប់កន្លែងហើយ ការបង្ក្រាបនោះមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺផងដែរ។
សូមបញ្ជាក់ថា ការបង្ក្រាបក្រុមចោរកាច់សោកម៉ូតូទាំងនោះ បានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ ហើយបានឃាត់បានបន្តបន្ទាប់គ្នាចំពោះការនោះវិញ គឺដកហូតបានម៉ូតូ២គ្រឿង ម៉ាកអាយខុនពណ៌ស និងម៉ាងគុប ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខមួយគ្រឿង។
ក្រោយពីសាកសួរ ជនទាំង៦នាក់បានឆ្លើយសារភាពពួកគេធ្លាប់បានកាច់សោម៉ូតូជាច្រើនលើកមែន។ ហើយនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមច្បាប់៕