(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអនុញ្ញាឲ្យប្រតិភូក្រុង ហានចូវ ខេត្តជឺជាំង នៃសាធារណរដ្ឋ ប្រជាមានិតចិន ដឹកនាំដោយលោក ហ្សាង យ៉ុងដាន អភិបាលរងក្រុងហានចូវ ចូលជួបពិភាក្សា ការងារមួយចំនួន នៅ សាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦។
ក្នុងកិច្ចពិភាក្សានោះដែរ លោក ឃឹម ប៊ុនសុង បានលើកឡើងពីសមទ្ធិផល ដែលកើតឡើងពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត សៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកាន់តែធ្វើ ឲ្យប្រជាជន នៃខេត្តទាំងពីរ បានផ្សាភ្ជាប់គ្នាជានិច្ច និងរួមសុខរួមទុក្ខជាមួយគ្នា ធ្វើឲ្យចំណងមិត្តភាពកម្ពុជា ចិនកាន់តែរឹងមាំធ្វេឡើង។
ជាមួយគ្នានោះផងដែរ លោក ឃឹម ប៊ុនសុង បានលើកឡើងពីកិច្ចសហប្រតិបត្តិការ និង ចំណងសម្ព័ន្ធមេត្រីភាព ជាមួយ បណ្តាខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានកសាងនូវសមទ្ធិផលសំខាន់ៗជាច្រើន ចូលរួមចំណែកក្នុងការ អភិវឌ្ឍខេត្តសៀមរាប លើវិស័យគ្រប់វិស័យ ។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមជឿជាក់ថា លោកអភិបាលរងខេត្តនៅតែបន្តការជួយគាំទ្រដល់ការអភិវឌ្ឍន៍ ខេត្តសៀមរាប ឲ្យមានការរីកចម្រើនផងដែរ ព្រមទាំងជម្រុញអ្នកវិនិយោគចិន និងភ្ញៀវទេសចរចិន មកកាន់ខេត្តសៀមរាប ច្រើនឡើងថែមទៀតដើម្បី លើកកំពស់សេដ្ឋកិច្ចខេត្ត ហើយលើកពីនោះថែមទៀត ឯកឧត្តមបណ្ឌិត ក្នុងនាមប្រជាពលរដ្ឋខេត្ត សូមគាំទ្រយ៉ាពេញទំហឹង នូវគោលនយោបាយចិន តែមួយ និងផ្លូវមួយ ខ្សែក្រវ៉ាតមួយទៀតផង»។
លោក ហ្សាង យ៉ុងដាន ក៏បានលើកឡើងពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា ចិនមានតាំងពីសម័យ ដ៏យូលុង មកកម្លេះ ហើយត្រូវបានសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានពូនផ្ដុំ និង សម្ដេចតេជោ ហ៊ុន សែន បានថែរក្សារនូវ ចំណង់មិត្តភាពប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើងថែមទៀត ។
ក្នុងនោះដែរលោកក៏បានកោតសសើរពីកិច្ចអភិវឌ្ឍន៍ខេត្តសៀមរាប ដែលធ្វើឲ្យទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្ត ហើយក៏ជាគោលដៅទេសចរណ៍លើពិភពលោក ចូលមកទស្សនាកំសាន្ត នៅប្រាង្គប្រាសាទដ៏ល្បីល្បាញដែលជាសម្បត្តិបេតិកភ័ណ្ឌ លើពិភពលោក និងជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ប្រទេសកម្ពុជា។
ជាការឆ្លើតតប លោក ហ្សាង យ៉ុងដាន អភិបាលរងក្រុងហានចូវ ក៏បានបញ្ជាក់ពីសក្ដានុពល របស់ក្រុងហានចូវនៃ ខេត្តជឺជាំង និងខេត្តសៀមរាប ដែលមានសក្ដានុពលប្រហាក់ប្រហែលគ្នា លើវិស័យកសិកម្ម និង ទេសចរណ៍ ។
លោកបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូនៅលើទឹកដីប្រវត្តិសាស្រ្តនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ វិស័យទេសចរណ៍ ដែលធ្វើឲ្យខេត្ត ក្រុងយើងទាំងពីរចាប់ដៃគូនឹងគ្នា ក្នុងការពង្រឹងសក្ខានុពលផ្នែកវិស័យ ទេសចរណ៍ ក៏ដូចកសិកម្ម ឲ្យមានភាពរីកចម្រើនរឹងមាំថែមទៀត ហើយដំណើរទស្សនៈកិច្ចនេះ កាន់តែធ្វើឲ្យចំណងមិត្តភាពប្រទេស ទាំងពីរ សំខាន់ខេត្តសៀមរាប និង ក្រុងហានចូវ កាន់តែមានកិច្ចសហប្រតិបត្តិការនឹងគ្នាលើវិស័យ ទេសចរណ៍ និង កសិកម្មឲ្យមានការីកចម្រើន ព្រមទាំងធ្វើការ ផ្សព្វផ្សាយ ជម្រុញដល់អ្នកវិនិយោគនៅក្រុងហានចូវ ចូលមកវិនិយោគនៅកម្ពុជា សំខាន់លើទឹកដីខេត្តសៀមរាប។
ក្នុងនោះដែរ លោកក៏សង្ឃឹមជឿជាក់ថា នៅពេលខាងមុខ ក្រុងហានចូវ និង ខេត្តសៀមរាប កាន់តែមានទំនាក់ទំនង សហប្រតិបត្តិការ ល្អនឹងគ្នា តាមរយៈនៃការបណ្តុះបណ្តាល ធនធានទេសចរណ៍ , ការផ្លាស់ប្តូរវប្បធម៌, រួមទាំងការប្រើប្រាស់ធនធានកសិកម្មក្នុងការផ្លាស់ប្តូរ នូវបទពិសោធន៍ នឹងគ្នាកាន់តែមានភាពល្អប្រសើរ ព្រមទាំងជំរុញឲ្យអ្នកវិនិយោគក្រុងហានចូវ មកធ្វើការសិក្សាស្វែងយល់ នៅខេត្ត សៀមរាបផងដែរ ។
លោក ហ្សាង យ៉ុងដាន សង្ឃឹមផងដែរថា អាជ្ញាធរខេត្តសៀមរាប នឹង ចូលរួមគាំទ្រ សហការល្អដើមី្បបម្រើនូវ ផលប្រយោជន៍របស់ ប្រជាជនប្រទេសទាំងពីរផងដែរ៕