(ស្វាយរៀង)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានចុះសាកសួរសុខទុក្ខ និងធ្វើពិធីប្រគល់សមិទ្ធផល នូវអណ្ដូងប្រព័ន្ធទឹកស្អាត សហគមន៍ជម្រៅ២៩៦ម៉ែត្រ កម្ពស់ទឹក៧ម៉ែត្រ ប្រើសូឡាបូមដោយស្វ័យប្រវត្តិ ចូលស៊ីទែនចំណុះ៣០០០លីត្រចំនួន២ ស្ថិតនៅក្នុងវត្តទីបារ៉ាម ភូមិកោះឫស្សី ឃុំទួលស្ដី ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលមានប្រជាពលរដ្ឋប្រើប្រាស់ចំនួនប្រមាណ៥៨គ្រួសារ។
ការប្រគល់នេះ រៀបចំឡើងនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។ នៅក្នុងពិធីប្រគល់សមិទ្ធផលនោះដែរ លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់បងប្អូនប្រជាពលរដ្ឋ និងគណៈកម្មការវត្តសរុបប្រមាណ៦០នាក់ ដែលបានមកចូលរួមក្នុងពិធីនេះ។
ជាមួយគ្នានោះដែរ លោកស្រី ម៉ែន នារីសោភ័គ ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋ សូមមេត្តាថែរក្សាសុខភាពឲ្យបានល្អប្រសើរ និងត្រូវចូលរួមថែរក្សាប្រព័ន្ធស្វ័យប្រវត្តិទឹកស្អាតនេះ ទុកប្រើប្រាស់ឱ្យបានយូរអង្វែង សម្រាប់ផ្គត់ផ្គង់ដល់កូនចៅជំនាន់ក្រោយៗទៀត។
សូមបញ្ជាក់ផងដែរថា សមិទ្ធផលដែលដាក់ឲ្យប្រើប្រាស់នេះ គឺជាគម្រោងបង្កើននិរន្ដរភាពទឹកស្អាត និងអនាម័យនេះ ឧបត្ថម្ភឡើងដោយសហព័ន្ធអន្ដរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម តាមរយៈកាកបាទក្រហមកម្ពុជា ដែលប្រើប្រាស់ពេលវរលាសាងសង់ចាប់ពីខែកក្កដា ដល់វិច្ឆិកា ឆ្នាំ២០១៦។
បន្ទាប់ពីពិធីប្រគល់សមិទ្ធផលនេះរួច លោកស្រីអគ្គលេខាធិការរងទី១ ក៏បាននាំយកទេយ្យទាន ទៅប្រគេនជូនព្រះសង្ឃគង់នៅវត្តទីបារាម នូវអង្ករចំនួន ៩០គីឡូក្រាម មី៣កេស ត្រីខ៣០កំប៉ុង ឃីត៣ (មុង៣ ភួយ៣ សារុង៣ ក្រមា៣) និងបច្ច័យប្រគេនព្រះសង្ឃ២អង្គ ក្នុងមួយអង្គបច្ច័យ១០០,០០០រៀល។
ដោយឡែកប្រជាពលរដ្ឋដែលមកចូលរួមសរុប៥០នាក់ ក្នុងម្នាក់ៗ ទទួលបានឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា២ម៉ឺនរៀល ដែលថវិកានេះ ជារបស់លោកស្រីប្រធាន-អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។
ចំពោះគ្រួសារចាស់ជរាគ្មានទីពឹង និងគ្រួសារជនពិការ ចំនួន៩គ្រួសារទៀត ក៏ទទួលបានក្នុងមួយគ្រួសារៗនូវ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា៥ម៉ឺនរៀលផងដែរ៕