(ភ្នំពេញ)៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន និងក្រុមគ្រួសារបានផ្តល់ក្តីស្រលាញ់ ក្តីអាណិតអាសូរ និងភាពកក់ក្តៅដល់កុមាររងគ្រោះ និងក្រុមគ្រួសារ ដែលបានរងទារុណកម្មយ៉ាងធ្ងន់ធ្ងរអមនុស្សធម៌ព្រៃផ្សៃបំផុត ដោយឆក់នឹងចរន្តអគ្គិសនីពីសំណាក់មនុស្សម្នាក់ជាជនជាតិវៀតណាម កាលពីពេលកន្លងទៅ។
ក្រោយពេលទទួលបានព័ត៌មានភ្លាម លោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យក្រុមការងារយកកុមាររងគ្រោះ ដែលទើបមានអាយុ២ឆ្នាំពីខេត្តមណ្ឌលគិរី មកកាន់រាជធានីភ្នំពេញ ដើម្បីពិនិត្យសុខភាពនៅមន្ទីពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ដែលតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះនោះមានអាការៈធម្មតា ដែលគ្មានអ្វីគួរឱ្យព្រួយបារម្ភទៀតឡើយ។
លោកស្រី ហ៊ុន ម៉ាណា បានផ្តល់ក្តីស្រលាញ់ដល់កុមាររងគ្រោះ ដោយអោបជាប់នឹងដើមទ្រូង បញ្ចុកអាហារចំនី បង្កប់ដោយទឹកមុខប្រពាប់ស្រពោន និងផ្តល់កម្លាំងដល់ក្រុមគ្រួសារក្មេងកុំឱ្យមានការព្រួយបារម្ភតទៅទៀត ព្រោះក្មេងប្រុសរងគ្រោះមានសុខភាពប្រក្រតី ស្មារតីល្អប្រសើរ។
លោកស្រី ហ៊ុន ម៉ាណា និងក្រុមគ្រួសារបានឧត្ថម្ភអំណោយមនុស្សធម៌ជាច្រើន ដល់កុមាររងគ្រោះ និងក្រុមគ្រួសារដើម្បីលើកទឹកចិត្ត និងសម្រាលទុក្ខលំបាកផងដែរ។
គួរបញ្ជាក់ថា ក្រុមគ្រួសារ និងក្មេងរងគ្រោះ បានមកដល់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ និងបានទទួលអំណោយមនុស្សធម៌ជាច្រើនពីសប្បុរសជននានា ជាពិសេសអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ផ្តល់ជូននាពេលនោះរួមមាន៖ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាចំនួន៤លានរៀល។ បន្ថែមលើនោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំខែដល់ក្រុមគ្រួសារក្មេងរងគ្រោះពេញមួយឆ្នាំ២០១៧ ដោយក្នុង១ខែៗទទួលបានថវិកា៥០មុឺននរៀល និងអង្ករ២បាវ។
ចំណែកលោកឧកញ៉ា ម៉ុង ឫទ្ធី វិញ ក៏បានបញ្ជាក់ថា នៅពេលនេះក្រុមគ្រួសាររបស់ កុមារារងគ្រោះបានយល់ព្រមទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍របស់ ម៉ុង ឫទ្ធី ហើយ។ វេលាម៉ោង៥ល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះក្រុមការងារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងដឹកជញ្ជូនពួកគាត់ទៅដល់កែវផុស (ក្រុមគ្រួសារ ក្មេងរងគ្រោះស្នើរសុំក្រុមដឹកជញ្ជូនអង្គុយ ផ្នែកខាងក្រោយនៃរថយន្ត ព្រោះអង្គុយខាងក្នុងពួកគាត់ពុលរថយន្ត)។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា «ខ្ញុំនឹងប្រគល់ផ្ទះថ្មថ្មីមួយបន្ទប់ដែលទើបតែសាងសង់រួចរាល់ មានទឹកភ្លើងអគ្គីសនី មានបង្គន់អនាម័យ មានសាលាឱ្យកូនរៀន មានពេទ្យព្យាបាលជំងឺ មានការងារធ្វើអស់មួយជីវិត គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការរំលោភបំពានអ្វីឡើយ»៕