(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា រយៈពេល១១ខែ ឆ្នាំ២០១៦នេះ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួន ១៥៧៦នាក់ និងរបួសចំនួន៥៩៦២នាក់ ប៉ុន្តែមានការថយចុះប្រើប្រៀបធៀប រយៈពេល ដូចគ្នាក្នុង ឆ្នាំ២០១៥។
លោក ហ៊ឹម យ៉ាន បានបញ្ជាក់នៅក្នុងសិក្ខាសាលាស្តីពី «ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក» នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅសាលប្រជុំភោជនីយដ្ឋានទន្លេរបាសាក់២ រាជធានីភ្នំពេញ។ នៅក្នុងសិក្ខាសាលានេះមានការចូលរួមពី លោកស្រី ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន បានថ្លែងថា «រយៈពេល១១ខែ ឆ្នាំ២០១៦ គ្រោះថ្នាក់ ចរាចរណ៍កើតឡើងចំនួន៣៣៣៨លើក លើ៣៧៨៩លើក ថយចុះចំនួន៤៥១លើក ស្មើនឹង១២ភាគរយ, អ្នកស្លាប់មានចំនួន១៥៧៦នាក់ លើ១៨៣៥នាក់ ថយចុះចំនួន២៥៩នាក់ ស្មើនឹង១៤ភាគរយ និងអ្នករបួសមានចំនួន៥៩៦២នាក់ លើ៦៥៥៨នាក់ ថយចុះចំនួន៥៩៦នាក់ ស្មើនឹង៩ភាគរយ ហើយខេត្តដែលកើតមានគ្រោះថ្នាក់ ច្រើនជាងគេមាន៖ រាជធានីភ្នំពេញ៣៤១លើក, ព្រះសីហនុ២៦៦លើក, កំពត២០៦លើក, ពោធិ៍សាត់ ២០២លើក និងខេត្តដែលកើតមាន គ្រោះថ្នាក់តិចជាងគេមាន៖ ព្រះវិហារ ៤២លើក, ស្ទឹងត្រែង ៥៣លើក, ឧត្តរមានជ័យ ៥៦លើក, មណ្ឌលគិរី ៥៧លើក, ប៉ៃលិន ៥៩លើក»។
ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន បញ្ជាក់ថា កត្តាដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ទី១-វ៉ាជែង, ទី២-បត់ និងទី៣-បើកបរក្នុងស្ថានភាពស្រវឹង។ ដូច្នេះហើយនគរបាលរបស់យើងត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបាន ខ្ជាប់ខ្ជួនពិសេស បន្តផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក ឲ្យដល់ប្រជាពលរដ្ឋ និងសហគមន៍។
ក្នុងឱកាសនោះដែរលោកស្រី ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរដល់ នគរបាលចរាចរណ៍ ដែលកន្លងមកបានបំពេញភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរ ឲ្យកត់សម្គាល់។ ទន្ទឹមនឹងការថយចុះនៃគ្រោះថ្នាក់ចរាចរណ៍នេះដែរ យើងឃើញថា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម បានសហការជាមួយនគរបាល ចរាចរណ៍បានផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នៅតាមសាលារៀននិងតាមសហគមន៍នានា ផងដែរ។
លោកស្រី ពុំ ច័ន្ទីនី បញ្ជាក់ថា ថ្វីបើចំនួនអ្នកបាត់បង់ជីវិតមានការថយ ចុះក៏ពិតមែន ប៉ុន្តែយើងចង់ឲ្យការធ្លាក់ចុះនេះបានកាន់ តែប្រសើរ និងបន្តជាប់រហូត៕