(សៀមរាប)៖ ប្រជាពលរដ្ឋចំនួន៣០នាក់ និងព្រះសង្ឃ៦អង្គ ដែលមានអាការៈក្អួតចង្អោរ ទន់ដៃទន់ជើង និងអស់កម្លាំង ក្រោយពីបានឆាន់ និងហូប ផ្អកកូនត្រីប្រៃ នៅក្នុងពិធីបុណ្យសព នាក្រុងសៀមរាបនោះ រហូតមកដល់រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានធូរស្រាលអស់ហើយ មិនមានរងគ្រោះដល់អាយុជីវិតនោះទេ ខណៈសំណាកទាំងសអស់ត្រូវបានយកទៅពិសោធន៍ដើម្បីរកមូលហេតុ។ នេះបើយោងតាមលោក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
លោក សឿន សេន បានបញ្ជាក់ថា «ជនរងគ្រោះបានធូរស្រាលអស់ហើយ។ យប់មិញ យើងបានសហការជាមួយមន្រ្តីសាខាកាំកុងត្រូលខេត្ត បានដកយកសំណាក ផ្អកត្រីប្រៃ ទៅពិសោធន៍នៅ Labor ដើម្បីរកមូលហេតុពិត»។
សូមបញ្ជាក់ថា ហេតុការណ៍មួយនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងកម្មវិធីបុណ្យសពមួយកន្លែងស្ថិតក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។
មន្រ្តីនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានឲ្យដឹងនៅថា ករណីខាងលើនេះបណ្ដាលឲ្យ ៣៦អង្គនាក់ ក្នុងនោះមាន ព្រះសង្ឃចំនួន ០៦អង្គ និងប្រជាពលរដ្ឋចំនួន ៣០នាក់ ភាគច្រើនជាមនុស្សស្រី មានម្នាក់អាការៈក្អួតចង្អោរធ្ងន់ធ្ងរហើយបានបញ្ជូនទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។
បើតាមមន្រ្តីនគរបាលដដែល ហេតុការណ៍នេះ បានកើតឡើង នៅក្នុងបុណ្យសពមួយ ហើយម្ចាស់ផ្ទះបានផ្អកត្រីប្រៃ ពីម្តាយមីង រួចដាក់ចំឲ្យព្រះសង្ឃឆាន់ និងប្រជាពលរដ្ឋដែលចូលរួមបុណ្យសពហូប ស្រាប់តែបណ្តាលឲ្យមានករណីកើតឡើងតែម្តង៕