(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខា និងក្រុមការងារ បានប្រគល់ផ្ទះ ថ្មីទី៤ ជូនក្រុមគ្រួសារក្រីក្រ កុមារកំព្រាម្តាយ មានឪពុកជាអ្នករស់នៅជាមួយមេរោគអេដស៍ ស្ថិតនៅភូមិតាមោក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៦។
ផ្ទះថ្មីនេះ មានទំហំ ៥ម៉ែត្រ គុណ ៤ម៉ែត្រ សង់តម្កល់លើជើងតាងកម្ពស់១,៥ម៉ែត្រ ដោយ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្តល់ជូន លោក តូ រ៉ន អាយុ៤១ឆ្នាំ ជាបុរសពោះម៉ាយ រស់នៅជមួយមេរោគអេស៍ មានកូនស្រីប្រុសចំនួន៤នាក់។
ផ្ទះថ្មីនេះឧបត្ថម្ភ ដោយសប្បុរសជនតាមរយៈគណៈកម្មាធិការសាខារួមមាន ព្រះតេជគុណ គី ស្រ៊ុន ២០០ ដុល្លារ,លោកស្រី ធា ពេជ្រចិន្តា ព្រមទាំងបុត្រ ៤០០ ដុល្លារ, លោក ស៊ុន ហ៊ីម និងភរិយា ២០០ ដុល្លារ,លោក គាត សីហា និងភរិយា ២០០ ដុល្លារ,លោកស្រី លី មនោរ័ត្ន និងស្វាមី ២០០ ដុល្លារ។
លោកស្រី គួយ ណាលីន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។លោកស្រី បានបន្តថា សូមឱ្យខិតខំបង្កបង្កើនផល និងយកចិត្តទុកដាក់ថែទាំកូនៗតទៅមុខទៀត។
ដោយមើលឃើញ ពីទុក្ខលំបាករបស់ក្រុមគ្រួសារនេះ ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសម្រេច សាងសង់ផ្ទះ មួយខ្នង ជូនពួកគាត់នាពេលនេះ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
សម្ភារសង្កត់ផ្ទះនាពេលនោះរួមមាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ និងទឹកបរិសុទ្ធ៥យួរ ចានស្រាក់១ស្រាក់ ឆ្នាំ២ ខ្ទះ២ វែកឆា២ វែកបាយ២ ចាន៥ ស្លរាបព្រា៥ ឡាំងទឹក២ កាធុនទឹក១ កាទឹក១ កាបោយទឹក១ កញ្ច្រែង១ កំសៀវ១ ចានដែក៤ ថវិកា៣០ម៉ឺនរៀល៕