Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ និងមន្រ្តីតាមអង្គភាពខេត្តរតនគិរី ត្អូញត្អែរ និងរិះគន់ ប្រធាន-អនុប្រធាន មន្ទីរសេដ្ឋកិច្ច រឿងរាំងស្ទះដកលុយយកមកប្រើប្រាស់

09-12-2016 13:30

(រតនគិរី)៖ ដោយសារតែអត់ទ្រាំ និងមិនអាចនៅស្ងៀមតទៅទៀតបាននោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅតាមអង្គភាពផ្សេងៗ ចំណុះឲ្យរដ្ឋបាលសាលាខេត្តរតនគិរី បានចេញមកបង្ហាញការត្អូញត្អែរ និងរិះគន់យ៉ាងខ្លាំង ដល់ប្រធាន-អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តភាគឥសាន្តមួយនេះ ដោយាសារតែពួកគេទាំង២នាក់ មិនបានបំពេញការងារឲ្យមានប្រសិទ្ធភាពនោះទេ ពោលធ្វើឲ្យមានការរាំងស្ទះ យ៉ាងខ្លាំងដល់ការដកថវិកាទៅដល់អង្គភាពផ្សេងៗ ដើម្បីយកទៅប្រើប្រាស់ប្រចាំថ្ងៃ។

ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ ថ្នាក់ជាន់ខ្ពស់ និងមន្រ្តីរាជការមួយចំនួននៅក្នុងខេត្តបានថ្លែងថា «លោក ទន់ សុថារ័ត្ន ប្រធានមន្ទីរ និងលោក ប៉ែន ហេង ជាអនុប្រធានមន្ទីរ អសកម្មការងារណាស់ មិនសាកសមជាថ្នាក់ដឹកនាំនោះទេ បង្ករាំងស្ទះដល់អង្គភាពផ្សេងៗ ចំណុះឲ្យរដ្ឋបាលខេត្តរតនគិរី ពាក់ព័ន្ធនឹងការ ដកថវិកាយកមកប្រើប្រាស់»

បើតាមមន្រ្តីទាំងនេះ ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោកប្រធាន និងអនុប្រធាន មិនមានវត្តមានក្នុងការិយាល័យធ្វើការនោះទេ បែរជានាំគ្នាអង្គុយក្រៅរបងមន្ទីរក្នុងរោងលក់កាហ្វេ អង្គុយផឹកស៊ីយ៉ាងសប្បាយទៅវិញ ក្រោមរូបភាពគាស់កំប៉ុងស្រាបៀរ ដាក់ក្នុងប៉ាន់តែ ស្រវឹងដាបទាំងព្រឹកតែម្តង។

ជាមួយគ្នានឹងភាពអសកម្មរបស់លោកប្រធាន និងអនុប្រធានទាំង២នាក់នេះ មន្ត្រីរាជការសាលាខេត្ត បូករួមទាំងមន្រ្តីនៅក្នុងមន្ទីរសេដ្ឋកិច្ចខេត្តតែម្តង បានសំណូមពរទៅថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច មេត្តាត្រួតពិនិត្យលើករណីនេះផង ដើម្បីឲ្យការងារដំណើការ ទៅដោយរលូន។

ពាក់ព័ន្ធការរិះគន់ពីមន្រ្តីជាន់ខ្ពស់ និងមន្ត្រីរាជការសាលាខេត្តខាងលើនេះ អង្គភាព Fresh News មិនទាន់អាចសុំការបំភ្លឺពីលោកប្រធាន និងអនុប្រធានបានទេនៅរសៀលថ្ងៃដដែលនេះ​ ដោយសារតែគ្មានលេខទូរស័ព្ទ៕