(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយាល័យគ្រឿងញៀនខេត្តបន្ទាយមានជ័យ សហការណ៍ជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧នាក់ និងបានបញ្ជូនទៅកាត់ទោសនៅតុលាការខេត្ត ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ក្នុងភូមិសាស្ត្រសាលាបឋមសិក្សាសែសិន ស្ថិតនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោក ចាប សុផាឫទ្ធិ ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ ទទួលបន្ទុកការិយាល័យគ្រឿងញៀន បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះថា ក្រោយពីមានការចង្អុលបង្ហាញ និងដឹកនាំកម្លាំងផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាសាលាដំបូងខេត្តផងនោះ ទើបកម្លាំងសមត្ថកិច្ចឈានដល់ការបង្ក្រាបបានសម្រេចតែម្តង។
លោកស្នងការរងបានបន្តថា សមត្ថកិច្ចជំនាញក៏បានដកហូតវត្ថុតាងមួយចំនួនទៀត រួមមាន៖ ថ្នាំម៉ាទឹកកក ១កញ្ចប់ ស្មើនឹង ២ក្រាម, ទូរស័ព្ទដៃចំនួន ៥គ្រឿង, គម្របដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនូន១, សំបកទែរម៉ូម៉ែត្រ ១, បំពង់បឺតចំនួន៥, កាបូបចំនួន១ និងសំបកឈើគូស១។
លោកបានប្រាប់ថា ជនសង្ស័យទី១.ឈ្មោះ សោម ឧត្តម ហៅណា អាយុ២២ឆ្នាំ, ទី២.ឈ្មោះ លឹម រដ្ឋា ហៅចេក អាយុ៣២ឆ្នាំ, ទី៣.ឈ្មោះ មុត បូរី អាយុ៣០ឆ្នាំ, ទី៤.ឈ្មោះ ផល សីហា អាយុ២១ឆ្នាំ, ទី៥.ឈ្មោះ សិទ្ធិ ស្រីលីន ភេទស្រី អាយុ១៧ឆ្នាំ, ទី៦.ឈ្មោះ លឹម ឆានី អាយុ២០ឆ្នាំ, និងទី៧.ឈ្មោះ ស៊ន យីម ហៅអេ អាយុ២០ឆ្នាំ ជនសង្ស័យទាំងនេះ រស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យទាំងអស់គ្នា។
បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងដើម្បីបញ្ជូនជនសង្ស័យទាំងអស់ខាងលើ និងវត្ថុតាង ទៅបន្តចាត់ការតាមនីតិវិធីច្បាប់ នៅសាលាដំបូងខេត្តឧត្តរមានជ័យ ក្រោយពីកសាងសំណុំរឿងរួចរាល់៕