(កំពត)៖ កម្លាំងនគរបាលអន្តរាគមន៍ឈុតខ្មៅពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន១ករណី ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅកាត់ទោសនៅតុលាការខេត្តភ្លាម រួមជាមួយថ្នាំម៉ាទឹកកក ១កញ្ចប់ ក្រោយពីធ្វើការសាកសួរ និងកសាងសំណុំរឿងពាក់ព័ន្ធរួចរាល់។
មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះថា ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដោយកម្លាំងសមត្ថកិច្ចជំនាញ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ លី សេង អាយុ៣០ឆ្នាំ រស់នៅកន្លែងឃាត់ខ្លួនខាងលើ។
កម្លាំងសមត្ថកិច្ចជំនាញខាងលើ ក៏បានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់ផងដែរ ហើយបានបញ្ជូនជនសង្ស័យ ទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់បន្ត នៅសាលាដំបូងខេត្តកំពត តែម្ដង៕