(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការកងពលតូចលេខ៧០ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ អញ្ជើញចូលរួមសន្និសីទ និងពិព័រណ៌លើវិស័យឧស្សាហកម្មការពារជាតិឆ្នាំ២០១៦ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Daejeon តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិសាធារណៈរដ្ឋកូរ៉េ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី៦-៩ ខែធ្នូ ឆ្នាំ២០១៦។
សន្និសីទសារព័ត៌មាន នៃការពិព័រណ៌លើវិស័យឧស្សាហកម្មការពារជាតិឆ្នាំ២០១៦ បានធ្វើឡើងដោយផ្តោតចំណុចសំខាន់ ទៅលើវិស័យសម្ភារបច្ចេកទេសទំនើបថ្មីៗ ដូចជា សម្ភារទំនាក់ទំនង និងគ្រប់គ្រងព័ត៌មានវិទ្យា សម្ភារការពារ ទីតាំងថ្នាក់នាំ និងសព្វាវុធផ្សេងៗ បម្រើឱ្យវិស័យការពារជាតិ។
ការតាំងពិព័រណ៌នេះមានថ្នាក់ដឹកនាំតំណាងប្រទេសចូលរួមដូចជា តំណាងសមាជិកអាស៑ាន កម្ពុជា ម៉ាឡេស៊ី ភូមា ឥណ្ឌូនេស៊ី និងសេនា-អនុព័ន្ធយោធាបរទេស ប្រចាំនៅសាធារណៈរដ្ឋកូរ៉េ។
នៅក្នុងពិព័រណ៌នោះ គណៈប្រតិភូបានយកចិត្តទុកដាក់តាមដាន និងវាយតំលៃទៅលើការអភិវឌ្ឍន៍ថ្មីៗ នៃបច្ចេកវិទ្យា សព្វាវុធ ឧបករណ៍ការពារ សម្ភារប្រើប្រាស់សម្រាប់ទ័ពគ្រប់ជំនាញ ដើម្បីពាំនាំបទពិសោធន៍ និងចំណេះដឹង ដល់ការអភិវឌ្ឍន៍វិស័យ ការពារជាតិរបស់កម្ពុជា។ ដោយឡែកគណៈប្រតិភូ ក៏ត្រូវបានទទួលបដិសណ្ឋាកិច្ចដ៏កក់ក្តៅ និងយកចិត្តទុកដាក់បំផុតពី សំណាក់នាយកក្រុមហ៊ុន HYUNDIA CORPORATION ផងដែរ៕