(កំពង់ឆ្នាំង)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា គិតត្រឹមម៉ោង ១២ ៖៥០នាទីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ អ្នកពុលស្រាស នៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្លាប់កើនដល់ ១៥នាក់ ក្នុងនោះ ៤នាក់ជានារី ខណៈអ្នករងគ្រោះ ៧៨នាក់ផ្សេងទៀតកំពុងជួយសង្រ្គោះ។
បើតាមលោកស្រី ឱ វណ្ណឌីន ក្នុងចំណោមអ្នករងគ្រោះទាំងនេះ មាន ១១នាក់កំពុងសង្រ្គោះនៅមណ្ឌលសុខភាពស្រុក និង ៦៧នាក់ កំពុងសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
នៅវេលាថ្ងៃត្រង់នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននឹងកំពុងចុះទៅពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះ ដោយផ្ទាល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។
បើតាមលោក ម៉ម ប៊ុនហេង ការពុលនេះ បណ្តាលមកពីស្រាសមានជាតិមេតាណុលខ្ពស់។ លោក ម៉ម ប៉ុនហេង បានអំពាវនាវឲ្យប្រជា ពលរដ្ឋបញ្ឈប់ការផឹកស្រាស។ លោករដ្ឋមន្រ្តីថា ស្រាសភាគច្រើនបិតមិនបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសនោះទេ៕