(កំពង់ឆ្នាំង)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីជំនាញ រួមនឹងលោក ឈួយ ម៉េង ប្រធានបច្ចេកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ចុះទៅពិនិត្យផ្ទាល់នៅកន្លែងពុលស្រាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងខ្លីថា បន្ទាប់ពីចុះពិនិត្យនិងសួរសុខទុក្ខដល់ប្រជាពលរដ្ឋរងគ្រោះដោយសារពុលស្រាស រួចរាល់ហើយ លោករដ្ឋមន្រ្តីបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីពុលជាតិមេតាណុល។
លោក ម៉ម ប៊ុនហេង បានមានថ្លែងថា តាមការសង្កេតឃើញកន្លងទៅ ការផលិតស្រានៅតាមកន្លែងខ្លះមិនបានធ្វើឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសឡើយ។ ប្រជាពលរដ្ឋ ដែលចូលចិត្តពិសាស្រាជាពិសេសស្រាស ទោះជាមិនពុលក៏ប្រឈម និងបញ្ហាសុខភាពដែរ ដើម្បីសុខភាពល្អប្រជាពលរដ្ឋគួរតែនាំគ្នាឈប់ពិសាស្រា។
នៅក្នុងឱកាសនោះលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានកោតសរសើរផងដែរ ដល់មន្រ្តីសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលបានសហការគ្នាយ៉ាងល្អ ជាមួយសមត្ថកិច្ច និង មន្រ្តីអាជ្ញាធរដែនដី ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋពុលស្រាស នៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយយកចិត្តទុកដា់និងបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះរដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋឈប់ពិសាស្រា ជាពិសេសស្រាស ដែលជាប្រភេទស្រាខ្លាំង មានសារជាតិមេតាណុលខ្ពស់ ធ្វើឲ្យអ្នកពិសាស្រានោះពុល ប៉ះពាល់ដល់សុខភាព និងមានករណីខ្លះបណ្តាលអោយស្លាប់ទៀតផង។
សូមបញ្ជាក់ថា ករណីពុលស្រាសនៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងគិតត្រឹមម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ មានអ្នកស្លាប់កើនឡើងចំនួន ១៤នាក់ហើយ និង ៧៩នាក់ ទៀតកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ក្នុងនោះមានស្រីចំនួន ១០នាក់គឺស្ថិតនៅក្នុងការជួយសង្គ្រោះពីក្រុមគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់បំផុត៕