Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីសាខាកាំកុងត្រូលខេត្តក្រចេះ ដុតកម្ទេចទំនិញខូច​គុណភាពជាច្រើនមុខ ក្រោយដកហូត​បានជា​បន្តបន្ទាប់

09-12-2016 12:12

(ក្រចេះ)៖ សាខាមន្ដ្រីកាំកុងត្រូលប្រចាំខេត្តក្រចេះ សហការជាមួយមន្រ្តីគយ​និងរដ្ឋាករ នៃច្រកទ្វារត្រពាំងស្រែ បានធ្វើការដុតកម្ទេច​ចោលនូវទំនិញខូច​គុណភាពជាច្រើនមុខ ស្មើនឹង ២០០គីឡូក្រាម ស្ថិតនៅភូមិ២ធ្នូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្រោយពីដកហូតបានជាបន្តបន្ទាប់ ពីអាជីវករដែលដាក់តាំង​លក់ក្នុងទីផ្សារនានា ទូទាំងខេត្តក្រចេះ។

ក្នុងពេលចុះដុតកម្ទិចទំនិញខូចគុណភាពខាងលើ លោក លាង បូរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ បានឲ្យដឹងថា ទំនិញដែលបានធ្វើការដុតកម្ទេចចោល នៅថ្ងៃនេះ ជាទំនិញគ្រឿងឧបភោគ-បរិភោគ ដែលមន្ត្រីកាំកុងត្រូល បានដកហូតតាមទីផ្សារនានា ដែលអាជីវករបានដាក់លក់នៅតាមតូប សុទ្ធសឹងជាទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់។

ជាមួយគ្នានោះដែរ កម្លាំងមន្ដ្រីកាំកុងត្រូលខេត្ត ក៏បានចុះបិទផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ហួសការប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ ចូលក្នុងម្ហូបអាហារ។

លោក លាង បូរ៉ា ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ជានិច្ច ក្នុងការលក់ដូរ និងចែកចាយទំនិញ ផលិតផលម្ហូបអាហារ ដែលមានផលប៉ះពាល់ដល់សុខមាលភាពរបស់អ្នកប្រើប្រាស់ និងអ្នកបរិភោគទាំងឡាយ៕