(រតនគិរី)៖ ក្រោមការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុង និងមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី ផងនោះ កម្លាំងរាជអាវុធហត្ថក្រុងបានលុង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងដកហូតបានវត្ថុតាងដ៏សន្ធឹកសន្ធាប់។
ប្រតិបត្តិការចុះឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ពន្លឺពេជ្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ហ៊ុន វណ្ណៈ អាយុ១៦ឆ្នាំ មានទីលំនៅស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង និងបានដកហូតថ្នាំម៉ាទឹកកក ១កញ្ចប់ធំ ទម្ងន់៣.៤៥ក្រាម, ទូរស័ព្ទដៃម៉ាក Iphone4 ចំនួន១គ្រឿង, ម៉ូតូវ៉េវ ១គ្រឿង ពាក់ស្លាកលេខ រតនគិរី 1B-3283 ចំនួន១គ្រឿង ព្រមទាំងសម្ភារវិចខ្ចប់ និងប្រដាប់សេពគ្រឿងញៀន មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ចាត់ការទៅតាមនីតិវិធីច្បាប់៕