Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃ សម្លាប់មនុស្ស៥នាក់ និងរបួស២៥នាក់, មួយឆ្នាំខាតបង់ថវិកា ៥០០លានដុល្លារ

09-12-2016 12:08

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងបញ្ជាក់ថា មួយថ្ងៃៗគ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់ពលរដ្ឋខ្មែរ ចំនួន៥នាក់ និងរងរបួសចំនួន២៥នាក់ ហើយបើគិតមួយឆ្នាំវិញ ត្រូវខាតបង់ថវិកាប្រមាណ ៥០០លានដុល្លារឯណោះ។

ការថ្លែងបែបនេះ នៅពេលដែលលោកបានអញ្ជើញ ចូលរួមប្រកាសតែងតាំងអភិបាលថ្មី ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ។

ជាមួយគ្នានេះ លោក ប៉ា សុជាតិវង្ស ក៏បានថ្លែងឲ្យដឹងផងដែរ នៅមុនថ្ងៃចូលឆ្នាំខាងមុខនេះ សាលារាជធានីភ្នំពេញ នឹងបំពាក់អំពូល បំភ្លឺផ្លូវថ្មី ចំនួន៤៥០០អំពូលបន្ថែមទៀត ដែលអំពូលចាស់មានទាំងអស់១៣០០០អំពូល ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញ កាត់បន្ថយបទល្មើសផ្សេងៗ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

យោងតាមអនុក្រឹត្យរបស់នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានសម្រេចថា លោក គួច ចំរើន ដែលជាអភិបាលខណ្ឌចាស់ ត្រូវបានតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ហើយជំនួសដោយលោក សុខ ពេញវុធ ដែលជា អភិបាលរង។

ជាមួយគ្នានេះ ក៏មានប្រកាសផ្លាស់ប្តូរនាយករដ្ឋបាល សាលាខណ្ឌដូនពេញផងដែរ ដោយលោក អ៊ុក សាកល នាយករដ្ឋបាល ត្រូវបានតែងតាំងជាអភិបាលរងខណ្ឌ ជំនួសដោយលោក ចាន់ បណ្ឌិត ដែលជានាយករងរដ្ឋបាល៕