(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា តួអង្គសំខាន់៣ រួមមាន អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសិល្បៈ និងអង្គភាពសារព័ត៌មាន បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ទាំងអប់រំបង្ការទប់ស្កាត់។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោយបញ្ចប់ការប្រារព្ធពិធី ទិវាជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់តារាចម្រៀង ក្នុងផលិតកម្មសាន់ដេ។ ក្នុងនោះក៏មានការចូលរួមពី លោក ខៀវ កញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ឃឹម សារិទ្ធ រដ្ឋមន្ដ្រីស្ដីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា «អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសារព័ត៌មាន អ្នកសិល្បៈ ៣អង្គនេះជាតួឯកសំខាន់ ដើម្បីអប់រំ ដើម្បីបំផុស ដើម្បីចលនា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងដើម្បីទប់ស្កាត់អំពើពុករលួយ»។
លោកទេសរដ្ឋមន្ដ្រីថា អង្គភាពប្រឆាំងអំពើពុករលួយនិយាយទៅអាចមានមនុស្ស១,០០០នាក់ស្ដាប់ រីឯអ្នកសិល្បៈនិយាយទៅមានដល់ ១លាន ឬ២លាននាក់ស្ដាប់ ហើយអ្នកដែលបញ្ជូនទៅដល់មនុស្ស១លាន ឬ២លាននាក់នោះ គឺជាអ្នកសារព័ត៌មាន ដែលតួនាទីទាំងនេះមិនអាចមើលស្រាលបាននោះទេ ហើយការមើលស្រាលតួនាទីអ្នកសិល្បៈ និងអ្នកសារព័ត៌មាន ជាការឆោទល្ងង់មួយ។
ជាមួយនឹងការលើកឡើងបែបនេះ របស់លោកទេសរដ្ឋមន្ដ្រី, លោក ឆាយ វីរៈយុទ្ធ ដែលជាតារាចម្រៀងល្បីមួយរូប និងបានទទួលគ្រឿងឥស្សរិយយសពីអង្គភាពប្រឆាំងអំពើពុករលួយនោះ បានសម្ដែងនូវការរីករាយ និងសន្យាថាលោក ក៏ដូចជាផលិតកម្ម នឹងបន្ដសកម្មភាពក្នុងការអប់រំ ក៏ដូចជាបង្ហាញនូវការអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោកថា ការបន្ដសកម្មភាព ជួយអប់រំផ្សព្វផ្សាយនេះ គឺត្រូវបានធ្វើឡើង ដោយស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំ ឬក៏ឧបត្ថម្ភជាថវិកាអ្វីមួយដល់លោកនោះទេ៕