(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំការផ្សព្វផ្សាយវប្បធម៌បង់ពន្ធ និងការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនមន្ដ្រីពន្ធដារចំនួន៥ខេត្ត ក្រោមការចូលរួមពីសំណាក់លោក ម៉ិញ បានកុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានអនុគណៈកម្មាធិកា កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងត្រួតពិនិត្រវាយតម្លៃ ការអនុវត្តន៍យុទ្ធសាស្រ្ដកៀរគរចំណូល តំណាងលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្រ្ដីពន្ធដារ មកពីសាខាពន្ធដារចំនួន៥ រួមមានពន្ធដារខេត្តកណ្ដា, ខេត្តតាកែវ, ខេត្តកំពង់ស្ពឺ, ខេត្តស្វាយរៀង, និងម្ចាស់ តំណាងសហគ្រាស អ្នកជាប់ពន្ធតូចផងដែរ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បី បញ្ជ្រាបវប្បធម៌ពន្ធ និងការពង្រឹងការអនុវត្តន៍កាតព្វកិច្ច សារពើពន្ធក្នុងចំណោមគ្រប់ធុរជនដែលបាននិងកំពុងប្រកបធុរកិច្ច នៅកម្ពុជា ជាពិសេសអ្នកជាប់ពន្ធតូច និងបង្កើនការផ្សព្វផ្សាយចំណេះដឹង ដល់មន្រ្ដីពន្ធដារគ្រប់ជាន់ថ្នាក់ឲ្យកាន់តែច្បាស់ និងស៊ីជម្រៅពីកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសទៅលើការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ។
លោក ម៉ិញ បានកុសល បានថ្លែងពីសារៈសំខាន់នៃការបង់ពន្ធជូនរដ្ឋ ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយចំណូលពីពន្ធដារ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជារបស់យើងទាំងអស់គ្នាដូចជា ការកសាងសាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ បើកប្រាក់ខែជូនមន្រ្តីរាជការ-កងទ័ព និងកងកម្លាំងប្រដាប់អាវុធ និងជាពិសេសលើការកាពារព្រំដែនជាដើម។
លោកក៏បានបញ្ជាក់ឲ្យដឹងពីសមិទ្ធផលនានា ដែលសម្រេចបានក្រោមក្របខណ្ឌកែទម្រង់ ក្នុងនោះមានការកែលម្អជាបន្ដបន្ទាប់លើការ ប្រមូលចំណូល ការគ្រប់គ្រងសាច់ប្រាក់ និងការអនុវត្តចំណាយ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ ការផ្សាភ្ជាប់ថវិកាទៅនឹង គោនយោបាយ ការកសាងសមត្ថភាពមន្ដ្រី និងសមត្ថភាពស្ថាប័នដែលមានភាពចាំបាច់ និងបន្ទាន់ក្នុងកិច្ចដំណើរការនៃការផ្លាស់ប្ដូរ ប្រព័ន្ធថវិកា ដែលកំពុងតែត្រូវអនុវត្តន៍យ៉ាងសកម្មចាប់ពីពេលនេះទៅ។
ដើម្បីជម្រុញ ការកៀរគរប្រមូលចំណូលឲ្យបានគ្រប់តាមផែនការ លោក អគ្គនាយករងបានប្រាប់ពីមធ្យោបាយសំខាន់មួយចំនួន រួមមាន ការកែលម្អរដ្ឋបាលសារពើពន្ធ, ការពង្រឹងអភិបាលកិច្ចល្អ, ការកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ និងការពង្រឹងវប្បធ៌បង់ពន្ធ៕