(ប៊ូលឡាវី)៖ នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍បូលីវី La Mia លោក Gustavo Vargas អាចនឹងត្រូវឃុំខ្លួនក្នុងពន្ធនាគារពីបទមនុស្សឃាតដោយអចេតនា និងការចោទប្រកាន់ផ្សេងទៀត រហូតដល់ការស៊ើបអង្កតជុំវិញសោកនាដកម្មធ្លាក់យន្ដហោះដឹកក្រុមកីឡាករក្លឹបបាល់ទាត់ប្រេស៊ីល Chapacoense នៅឯប្រទេសកូឡុំប៊ី កាលពីខែវិច្ឆិកា កន្លងទៅបិទបញ្ចប់ជាស្ថាពរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។
លោក Gustavo Vargas បានដិសេធរាល់ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងរូបលោក បើទោះបីជាលោកត្រូវបានក្រុមរដ្ឋអាជ្ញាបូលីវី ចាប់ខ្លួន និងសួរចម្លើយកាលពីថ្ងៃអង្គារក៏ដោយ។ ទោះបីជាយ៉ាងនេះក្តីបន្ទាប់ពីលោក Vargas បានសម្រាកព្យាបាលជំងទឹកនោមផ្អែមនៅក្នុងមន្ទីពេទ្យកាលពីថ្ងៃពុធ ចៅក្រមម្នាក់បានយល់ស្របជាមួយក្រុមរដ្ឋអាជ្ញា ដែលមានភស្ដុតាងគ្រប់គ្រាន់ដើម្បីដំណើរការរឿងក្ដី និងចោទប្រកាន់លើនាយកប្រតិបត្តិរូបនេះ។
គួររំលឹកថាយន្តហោះដឹកក្រុមកីឡាករក្លឹបបាល់ទាត់ប្រេស៊ីល Chapacoense បានធ្លាក់នៅក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី កាលពីខែវិច្ឆិកា ដោយបានឆក់យកជីវិតមនុស្ស ៧១នាក់ និង០៦នាក់ នៅរស់រានមានជីវិតនៅក្នុងចំណោមអ្នកជិះនៅលើយន្ដហោះសរុប ៧៧នាក់។ ចំណែកឯមូលហេតុនៃការធ្លាក់ ត្រូវបានគេះអះអាងជាជំហ៊ានដំបូងថាបណ្ដាលមកពី «អស់សំាង» ហើយក្រោយពីសោកនាដកម្មនេះកើតឡើងអាជ្ញាធរបូលីវី បានសម្រេចចិត្តព្យួរអាជ្ញាប័ណ្ណហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍បូលីវី៕