(ភ្នំពេញ)៖ ខណ្ឌចំនួន៤បន្ថែមទៀតហើយ របស់រាជធានីភ្នំពេញ រួមមានខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ និងខណ្ឌច្បារអំពៅ ត្រូវបានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ទទួលខុសត្រូវប្រមូលសំរាម ទៅតាមខណ្ឌរបស់ខ្លួន បានសេចក្តីថា កិច្ចការងារគ្រប់គ្រងការប្រមូលសំរាមខណ្ឌនិមួយៗ ត្រូវបានខណ្ឌជាអ្នកគ្រប់គ្រងដោយខ្លួន ដើម្បីឲ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវចំពោះមុខប្រជាជន។
រហូតមកដល់ពេលនេះ ខណ្ឌទាំង១២ របស់រាជធានីភ្នំពេញ បានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យអនុវត្តន៍ការងារគ្រប់គ្រងប្រមូលសំរាមនេះ ដោយខ្លួនឯង។
ការចុះកិច្ចព្រមព្រៀងរវាងខណ្ឌទាំង១២ ជាមួយនឹងក្រុមហ៊ុន ស៉ិនទ្រី បានធ្វើឡើងចំនួន៣លើក៖ លើកទី១ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឲ្យខណ្ឌចំនួន៤ នៅកណ្តាលរាជធានីភ្នំពេញ អនុវត្តន៍គ្រប់គ្រងការប្រមូល សម្រាមដោយខ្លួនឯងនេះ រួមមានខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌទួលគោក និងខណ្ឌ៧មករា ដែលការចុះធ្វើឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។ លើកទី២ បន្ថែមខណ្ឌចំនួន៤ទៀត គឺខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ និង លើកចុះក្រោយទី៣ គឺខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ និងខណ្ឌច្បារអំពៅ ដែលទើបចុះកិច្ចព្រមព្រៀង នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតិភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីចុះហត្ថលេខានោះ លោក ប៉ា សុជាតិវង្ស បានចាត់ទុកថា ការប្រគល់ការគ្រប់់គ្រងការប្រមូលសំរាម ទៅឲ្យខណ្ឌទាំង១២នេះ ជាការខិតខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រែក្លាយទៅជារាជធានីមួយដែលគ្មានសំរាម។
លោកបានបញ្ជាក់ថា «យើងនិងខិតខំធ្វើរឿងនេះឲ្យបានល្អ ដើម្បីក្លាយជាទីរាជធានីមួយគ្មានសំរាម»។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសប្រកាសតែងតាំង អភិបាលខណ្ឌដូនពេញថ្មី លោកអភិបាលរាជធានី ប៉ា សុជាតិវង្ស បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១២ របស់រាជធានីភ្នំពេញ គ្រប់គ្រងឲ្យបាននូវបញ្ហាសំរាមក្នុងមូលដ្ឋានរបស់ខ្លួន បន្ទាប់ពីបានចុះកិច្ចព្រមព្រៀង ជាមួយនឹងក្រុមហ៊ុន ស៉ិនទ្រី គ្រប់ខណ្ឌអស់ហើយនោះ។ លោកក៏ជំរុញឲ្យអាជ្ញាធរពិនិត្យមើល ក្រុមហ៊ុនហ៊ុន ស៉ិនទ្រី អំពីការប្រមូលសំរាមនេះ តើមានរំលោភលើកិច្ចសន្យាដែរ ឬយ៉ាងណា។
ក្រៅពីនេះ លោកអភិបាលក៏បានអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន មេភូមិចុះជួបផ្ទាល់ ជាមួយពលរដ្ឋពាក់ព័ន្ធរឿង សំរាម រឿងធ្វើលូ ទឹក អគ្គិភ័យ និងជីវភាពរបស់ពួកគាត់ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅក្នុងចិត្ត។
សូមជម្រាបថា ក្នុងមួយថ្ងៃសំរាមនៅរាជធានីភ្នំពេញ ប្រមាណ២០០០តោនត្រូវបានដឹកចេញពីទីក្រុង យកទៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ៕