(ភ្នំពេញ)៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថភ្លើងមួយខ្សែ បានបុករថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន BST មួយគ្រឿងទៀត ដែលបើកឆ្លងកាត់ផ្លូវរថភ្លើងមិនប្រយ័ត្ន។
ហេតុដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកម៉ោង៩៖៥នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្រែ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា រថយន្តក្រឡុកស៊ីម៉ង់ដែលក្រឡាប់នោះ ម៉ាក OTRUK ពណ៌ស្លែ ពាក់ស្លាក់លេខ ភ្នំពេញ 5A-0975 ត្រូវរថភ្លើងមួយខ្សែបោលបុកចំពាក់កណ្ដាល បណ្ដាលក្រឡាប់ផ្ងារជើងឡើងលើ នៅនឹងកន្លែង។
ប្រជាពលរដ្ឋបានបន្តថា នៅមុនកើតហេតុពួកគាត់ ឃើញមានរថយន្តក្រឡុកស៊ីម៉ង់ខាងលើ ធ្វើដំណើរពីលិចទៅកើត បើកឆ្លងកាត់ផ្លូវរថភ្លើង ខណៈនោះក៏មានរថយន្តភ្លើងមួយខ្សែ ធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តកំពត បោលតម្រង់ពីជើងទៅត្បូងដែរ លុះមកដល់ចំណុចកើតហេតុ ក៏បុកទង្គិចជាមួយរថយន្តក្រឡុកស៊ីម៉ង់ខាងលើ ចំពាក់កណ្តាលល្អណាស់ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ តែម្ដងទៅ តែសំណាងល្អមិនមានអ្នករងរបួសឡើយ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យរងរបួសនោះទេ៕