(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមនៃសំណុំរឿង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងជំនួយការរបស់គាត់២នាក់ទៀត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។
សវនាការនេះ ដឹកនាំដោយលោក លាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សា លោក អ៊ឹម វណ្ណៈ លោកនូ វាសនា ជាចៅក្រមប្រឹក្សា និង លោក សៀង សុខ ជាតំណាងអយ្យការ។ ចំណែកលោក សំ សុគង់ និង លោក យុង ផានិត ជាមេធាវីការពារក្ដីជនជាប់ចោទទាំង៣នាក់។ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី មានវត្តមានក្នុងសវនាការក្នុងនាមជាសាក្សី។
លោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»។
សំណុំរឿងនេះ គឺ ត្រូវបានបំបែកចេញពីសំណុំរឿងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ហើយលោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ រួចហើយ ក្នុងសំណុំរឿងក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជា-វៀតណាមនេះ៕