(ភ្នំពេញ)៖ រង្វាន់ជយលាភី Rising Star Award ត្រូវបានប្រគល់ជូន លោកស្រី ខែក ខេមរ៉ាត នាយិកា និងជាស្ថាបនិកក្រុមហ៊ុន ប៊្លូ មេឌា ហ្វីម ខេមបូឌា ក្នុងវេទិកាអ្នកដឹកនាំស្ត្រីវ័យក្មេងនៃកិច្ចប្រជុំកំពូល Caixin លើកទី៧ ពីទីក្រុងប៉េកាំង ប្រទេសចិនកាលពីដើមខែធ្នូ ឆ្នាំ២០១៦នេះ។
ការប្រគល់ពានរង្វាន់ Rising Star Award ទៅដល់លោកស្រី ខេមរ៉ាត ដោយយោងទៅតាមបទពិសោធន៍ ការលើកកម្ពស់ និងការប្រឡូកការងារ ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ អស់រយៈពេលជាច្រើនឆ្នាំ ក្រៅពីការងារក្នុងប្រព័ន្ឋផ្សព្វផ្សាយ លោកស្រី ក៏ជាអ្នកជំនួញស្ត្រីម្នាក់ ដែលបានរួមចំណែក ក្នុងការងារ មនុស្សធម៍ផងដែរ។
ឆ្លើយតបទៅនឹងសំនួរនៅក្នុងកិច្ចប្រជុំកំពូល Caixin លោកស្រី ខេមរ៉ាត បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មានការបើកទូលាយ និងមានការអភិវឌ្ឍជាលំដាប់ ហើយក្នុងនោះដែរ វិស័យមួយនេះ ត្រូវការជាចាំបាច់ ក្នុងការវិនិយោគបន្ថែម ទៅលើផ្នែកធនធានមនុស្ស ក៏ដូចជាថវិកា ព្រមទាំងការសហការ ពីអ្នកវិនិយោគ នៅក្រៅប្រទេសផងដែរ។
លោកស្រីបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងវេទិការអ្នកដឹកនាំស្ត្រីវ័យក្មេងថា ការទទួលបានពានរង្វាន់នេះ ជាកិត្តិយស១សម្រាប់ លោកស្រី និងប្រទេសកម្ពុជា ហើយវា ជាការលើកទឹកចិត្ត ដល់លោកស្រី ក៏ដូចជានារីខ្មែរ ទាំងមូលដែរ។ លើសពីនេះទៅទៀត លោកស្រី បានធ្វើការលើកទឹកចិត្ត ដល់ស្ត្រីគ្រប់រូប ក្នុងការខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅ ដែលខ្លួនចង់បាន។
ពានរង្វាន់ជយលាភី ដែលបានប្រគល់ជូន ក្នុងវេទិកាអ្នកដឹកនាំស្ត្រីវ័យក្មេង នៃកិច្ចប្រជុំកំពូល Caixin លើកទី៧នេះ រួមមានពានរង្វាន់ស្រ្តីលេចធ្លោ (Outstanding Women Award) និងពានរង្វាន់ជ័យលាភី Rising Star Award ហើយក្នុងនោះដែរ លោកស្រី ខេមរ៉ាត ឋិតក្នុងចំណោមស្ត្រី៦រូបផ្សេងទៀត ដែលពួកគេជាអ្នកជំនួញស្រ្តី និងជាបុគ្គលឆ្នើម មកពីស្ថាប័នល្បីៗ នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ក៏ដូចជាវត្តមាន អតីតតារាភាពយន្តល្បី របស់ចិនផងដែរ។
គួរបញ្ជាក់ផងដែរថា Caixin ជាប្រព័ន្ឋផ្សព្វផ្សាយធំមួយ របស់ប្រទេសចិន ដែលផ្តោតសំខាន់លើមុខជំនួញ និងនយោបាយ ហើយវេទិកានេះ គឺជាព្រឹត្តិការណ៍ទីមួយ ដែលផ្តល់ពានរង្វាន់ជយលាភីដល់ស្ត្រីឆ្នើម និងលេចធ្លោក្នុងវិស័យនានា ដែលពួកគេបានចូលរួមចំណែក ក្នុងការអភិវឌ្ឍ លើកិច្ចការងារសង្គម ការងារមនុស្សធម៌ យេនឌ័រ និងប្រព័ន្ធផ្សព្វផ្សាយជាដើម៕