(ភ្នំពេញ)៖ ក្រោយកើតឡើងករណីពុលស្រាស និងស្រាថ្នាំជាបន្តបន្ទាប់ ដែលបង្កឲ្យពលរដ្ឋខ្មែរជាច្រើននាក់បានស្លាប់ ពិសេសករណីពុលចុងក្រោយ ដែលកើតឡើងនៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្លាប់មនុស្ស១៣នាក់នោះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពិសាស្រាដែលផលិត និងបិត ដោយគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះ បានដកស្រង់សំដីរបស់លោក ម៉ម ប៊ុនហេង យ៉ាងដូច្នេះថា «ហេតុការណ៍កើតឡើងដោយសង្ស័យថា ពុលស្រា ដែលបានមកសម្រាកព្យាបាល នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងមានការណីស្លាប់ក្រោយកើតហេតុ បានកើតឡើងដោយសារ ពួកគាត់បានពិសាស្រាស ឬស្រាថ្នាំ ដែលមានសារជាតិមេតាណុលខ្ពស់ បញ្ជាក់តាមលទ្ធផលបានមក ពីមន្ទីរពិសោធន៍ នាពេលកន្លងមកលើករណីពុលស្រាស ឬស្រាថ្នាំពីពេលមុនៗ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រាស ឬស្រាថ្នាំ ដែលផលិតដោយមិនមាន បច្ចេកទេសត្រឹមត្រូវ។ បើនៅតែបន្តហូបស្រាស ឬស្រាថ្នាំទាំងនេះទៀតនោះ នឹងបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ទៅជាឈឺ ឬអាចបាត់បង់ជីវិត។ ប្រសិនបើបងប្អូនមានបញ្ហាសុខភាព ឬជំងឺ សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត»៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខភិបាលទាំងស្រុង៖