(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសសារជាថ្មីថា នៅពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា គ្មាននោះទេ វិបត្តិនយោបាយកើតឡើង ផ្ទុយទៅវិញមានតែអ្នកនយោបាយធ្វើខុសច្បាប់។
ការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្លាស់ប្តូរ អភិបាលខណ្ឌដូនពេញ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា «នៅកម្ពុជាយើងវិបត្តិនយោបាយ មិនមានទេតែបញ្ហារបស់អ្នកនយោបាយ គឺមានដែលធ្វើខុសច្បាប់ ចឹងយើងត្រូវតែអនុវត្តច្បាប់ អ្នកនយោបាយធ្វើខុសច្បាប់ត្រូវទទួលទោស»។
លោកថា ខ្មែរមានចំណុចល្អ គឺមានតែខ្មែរ និងខ្មែរទេ អាចដោះស្រាយជាមួយគ្នាបាន ហើយបរទេសគ្រាន់តែកំណត់គោលនោះទេ តែចុងក្រោយមានតែយើងជាខ្មែរទេ ដែលអាចដោះស្រាយបាន។
លោកអភិបាលបានរំលឹកថា តំណាងអង្គការសហប្រជាជាតិ លោក អាកាសសីុ ដែលមកកម្ពុជា ដើម្បីរៀបចំការបោះឆ្នោត ឆ្នាំ៩៣ បាន សារភាពថា គាត់បានធ្វើការយ៉ាងច្រើនដែលល្អ តែមានវិប្បដិសេរីមួយ គឺមិនអាច ទាញក្រុមខ្មែរក្រហមមករួមជាមួយរាជរដ្ឋាភិបាល។
យោងតាមអនុក្រឹត្យរបស់នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានសម្រេចថា លោក គួច ចំរើន ដែលជាអភិបាលខណ្ឌចាស់ ត្រូវបានតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ហើយជំនួសដោយលោក សុខ ពេញវុធ ដែលជាអភិបាលរង។
ជាមួយគ្នានេះ ក៏មានប្រកាសផ្លាស់ប្តូរនាយករដ្ឋបាលសាលាខណ្ឌដូនពេញផងដែរ ដោយលោក អ៊ុក សាកល នាយករដ្ឋបាល ត្រូវបានតែងតាំងជាអភិបាលរងខណ្ឌ ជំនួសដោយលោក ចាន់ បណ្ឌិត ដែលជានាយករងរដ្ឋបាល៕