(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមដំណើរដោយតំណាង អង្គការសុខភាពណិភពលោក និងអង្គការយូនីសេហ្វ ព្រមទាំងមន្ត្រីសុខាភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យសកម្មភាព ការផ្តល់ថ្នាំបង្ការបន្ថែម ជំងឺកញ្ជ្រិល និងជំងឺស្អូច ដល់កុមារនៅក្នុងភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ចុះផ្តល់ថ្នាំបង្ការបន្ថែមរបស់លោរដ្ឋមន្ត្រីនេះ ធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦។ គំរោងផ្តល់ថ្នាំបង្ការបន្ថែមនេះ កម្មវិធីជាតិនៃក្រសួងសុខាភិបាល បានអនុវត្តចាប់ពីថ្ងៃទី៦ ដល់ចុងខែធ្នូ ឆ្នាំ២០១៦ នៅតាមភូមិនានា នៅទូទាំងខេត្តកំពង់ស្ពឺ។ ដោយឡែកចំពោះរាជធានីខេត្តផ្សេងៗទៀត កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ក៏មានផ្តល់ថ្នាំបង្ការបន្ថែម ដូចគ្នានេះដែរ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានលើកឡើងថា គោលបំណងដែលលោកចុះ មកពេលនេះ គឺដើម្បីពិនិត្យមើលសកម្មភាព ការផ្តល់ថ្នាំបង្ការបន្ថែមជំងឺកញ្ជិ្រល ជំងឺស្អូច និងថ្នាំបង្ការផ្សេងៗទៀត ដល់កុមារនៅតាមភូមិ។
លោករដ្ឋមន្ត្រីបានបន្តថា កន្លងមកកម្មវិធីជាតិក្រសួងសុខាភិបាល បានចាក់ថ្នាំការពារជំងឺស្អូច និងកញ្ជ្រិលបាន៤.៤លាននាក់ហើយ។ ទោះបីជាយ៉ាងណាក៏ដោយ មានការព្រួយបារម្ភចំពោះជនចំណាកស្រុក ដែលទៅធ្វើការនៅក្រៅប្រទេស ដោយនាំយកកូនទៅជាមួយ មិនបានទទួលការចាក់ថ្នាំបង្ការ នៅឡើយទេ។
លោករដ្ឋមន្ត្រីបានបន្ថែមថា «ជនចំណាកស្រុក នៅតែចោទជាបញ្ហា បើអ្នកទៅធ្វើការនៅប្រទេសថៃ មានច្បាប់ទំលាប់ត្រឹមត្រូវ យើងអាចបង្ហាញកូនចៅយើង បានតែបើទៅដោយខុសច្បាប់ពិតជាលំបាក។ ដូចនេះសូមណែនាំដល់បងប្អូនយើង ពេលត្រឡប់មកស្រុកកំណើតវិញ ត្រូវទាក់ទងមកពេទ្យរបស់យើងដើម្បីចាក់ថ្នាំបង្ការ ដល់កុមារយើងការពារកុំឲ្យឆ្លងជំងឺហើយ ក៏ដើម្បីអនាគតកូនចៅយើង ការពារកុំឲ្យឈឺផងដែរ»។
លោវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបញ្ជាក់ថា បច្ចុប្បន្ននេះមានថ្នាំបង្ការចំនួន១២មុខហើយ ក្នុងចំណោមនោះក្រសួងបាន លប់បំបាត់ជំងឺមួយចំនួនរួចហើយ ដូចជាជំងឺកញ្ជ្រិល តេតាណូស គ្រុនស្វិតដៃជើង និងជំងឺជើងធំ ហើយនាពេលខាងមុខនេះ យើងនឹងខិតខំលប់បំបាត់ជំងឺរលាកសួតបន្ថែមទៀត។
លោករដ្ឋមន្ត្រីបានបន្តទៀតថា «សូមឲ្យបង្អូនយើងយកចិត្តទុកដាក់ ដល់ការចាក់ថ្នាំបង្ការ ពេលដែលខាងមន្ទីរសុខាភិបាល អាជ្ញាធរមូលដ្ឋានបុគ្គលិក មណ្ឌលសុខភាព មានការចាក់ថ្នាំបង្ការ សូមយកកូនចៅមកចាក់ថ្នាំបង្ការទាំងនោះ ដើម្បីឲ្យប្រាកដថាកូនចៅយើង ទទួលបានថ្នាំបង្ការបានគ្រប់មុខជៀសវាង ជំងឺធ្វើយ៉ាងណាគ្របដណ្តប់ ឲ្យបានច្រើនលើសពី៨០ភាគរយ តែបើបាន៩០ ឬ១០០ភាគរយរិតតែល្អ»។
ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋាន រួមនឹងអង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ បានចុះសហការគ្នា ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយបានចុះជាប់ជាមួយ ប្រជាពលរដ្ឋ និងជួយថែទាំសុខភាព ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីឲ្យកម្មវិធីជាតិទទួលបានជោគជ័យបន្ថែមទៀត និងដើម្បីមាននិរន្តរភាពស្រប តាមគោលដៅអភិវឌ្ឍន៍សហសវត្ស៕