(កំពង់ឆ្នាំង)៖ សមត្ថកិច្ច និងអាជ្ញាធរ បានឱ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ ករណីពុលស្រាស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់ ១៤នាក់ហើយ។ ចំណែកអ្នករងរបួសពេលនេះ មានចំនួនរហូតដល់ជាង៦០នាក់។
លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស បានបញ្ជាក់ប្រាប់ Fresh News កាលពីយប់មិញថា ករណីពុលស្រាសនេះ មានជនរងគ្រោះត្រូវបានបញ្ជូនមកជាបន្តបន្ទាប់ទៀត ហើយអ្នកបិតស្រាម្នាក់ ក៏ត្រូវឃាត់ខ្លួនផងដែរ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ មានករណីប្រជាពលរដ្ឋក្នុងភូមិដំណាក់អំពិល និងភូមិក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស បានដេកស្លាប់ជាបន្តបន្ទាប់ ដោយសង្ស័យថា ពុលស្រាស។ ជនរងគ្រោះ បានបញ្ជាក់ថា ប្រជាពលរដ្ឋបានពុលបន្ទាប់ពីពិសារស្រាស ក្នុងពិធីបុណ្យសព៧ថ្ងៃ របស់សាច់ញាតិក្នុងភូមិ ដោយមានអ្នកខ្លះហូបតិច និងអ្នកខ្លះហូបច្រើន ស្រាប់តែយប់មិញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ មានអាការៈ រាករូស ក្អួត ថប់ដង្ហើប និងស្រវាំងភ្នែក ហើយក្រោយមកអ្នកស្រុក បានដឹកជញ្ជូនមកកាន់មន្ទីពេទ្យទាំងយប់ភ្លាមៗ។
ករណីខាងលើនេះ ប្រជាពលរដ្ឋសង្យ័យថា អ្នកស្លាប់កើតឡើងនៅក្នុងភូមិដំណាក់អំពិល និងភូមិក្ដុល ឃុំក្រាំស្គារ ស្រុកទឹកផុស បណ្ដាលមកពីពុលស្រាស។ ទោះយ៉ាងណាករណីនេះ មិនទាន់មានសមត្ថកិច្ចណាអះអាង ពីមូលហេតុពិតប្រាកដនៅឡើយ ខណៈដែលកម្លាំងជំនាញកំពុង ស៊ើបអង្កេត និងស្រាវជ្រាវបន្ត៕