(ភ្នំពេញ​)៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែ​ធ្នូ​ នេះ​ ចាប់ផ្ដើម​សវនាការ​រឿង​ក្ដី​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជំនួយ​ការ​ពីរ​នាក់​។​ លោក​ ហុង​ សុខហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រង្ស៊ី​ មាន​វត្តមាន​ក្នុង​សវនាការ​ក្នុង​នាម​ជា​សាក្សី​ ។

សវនាការ​នេះ​ ដឹក​នាំ​ដោយ​លោក​ លាង​ សំណាត់​ អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ លោក​ អ៊ឹម​ វណ្ណៈ​ លោក​នូ​ វាសនា​ ជា​ចៅក្រម​ប្រឹក្សា​ និង​ លោក​ សៀង​ សុខ​ ជា​តំណាង​អយ្យការ​ ។​ ចំណែក​លោក​ សំ​ សុគង់​ និង​លោក​​ យុង​ ផានិត​ ជា​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​ទាំង​៣នាក់​។

លោក​ សម​ រង្ស៊ី​ លោក​ អ៊ឹង​ ជុងលាង​ ហៅ​ ម៉ាប់​ ហៅ​ កូន​ជ្រូក​ និង​ ឈ្មោះ​ សត្យា​ សម្បត្តិ​ ឬ​សម្បត្តិ​ សត្យា​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ សមគំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​បទ​ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​៦២៩​ មាត្រា​៦៣០​ និង​មាត្រា​៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

សំណុំ​រឿង​នេះ​ គឺ​ ត្រូវ​បាន​បំបែក​ចេញ​ពី​សំណុំ​រឿង​លោក​ ហុង​ សុខហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម​ រង្ស៊ី​ ហើយ​លោក​ ហុង​ សុខហួរ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ​រួច​ហើយ​ ក្នុង​សំណុំ​រឿង​ក្លែង​សន្ធិសញ្ញា​ផែនទី​ព្រំដែន​កម្ពុជា​វៀតណាម​នេះ​៕