(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ ចំពោះសុខមាលភាពរបស់បុគ្គលិក គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីបអាមេរិកាំង បានសហការជាមួយ មន្ទីរសំរាកព្យាបាលកម្ពុជា ដើម្បីរៀបចំសិក្ខាសាលា ស្តីអំពីរោគស្ត្រី និងការលំបាកមានកូន ជាលើកទី២ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ដែលមានសិក្ខាកាមជាសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីបអាមេរិកាំង ចូលរួមចំនួន ជាង១០០នាក់។
នៅក្នុងឱកាសបើកសិក្ខាសាលានោះ លោកស្រី សាត សារឿន នាយិការដ្ឋបាលអប់រំ តំណាងឲ្យគណៈគ្រប់គ្រង នៃសាលារៀនអន្តរទ្វីបអាមេរិកាំង បានថ្លែងថា នេះជាកិត្តិយសរបស់សាលារៀនអន្តរទ្វីបអាមេរិកាំង ដោយលោកស្រីវេជ្ជបណ្ឌិត បានផ្តល់ឱកាសជាលើកទី២ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ចំណេះដឹង ផ្នែកសុខភាពដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូដើម្បីជាទុនមួយ សំរាប់ការថែទាំសុខភាព នៅខណៈពេលដែលមានភាពរីកចំរើន ខាងផ្នែកបច្ចេកវិទ្យាក្នុងការព្យាបាល។
លោកស្រីក៏បានបញ្ជាក់ទៀតថា ហេតុដូច្នេះយើងទាំងអស់គ្នា ត្រូវការមានសុខភាពល្អជាចំបង បើយើងមានសុខភាពល្អទើបយើង អាចមានអ្វីៗទាំងអស់ ដែលក្នុងនោះរួមមាន ព្រភពនៃការរកប្រាក់ចំណូល ប្រភពនៃសុភមង្គលក្នុងគ្រួសារ ក៍ដូចជាសហគមន៍ទាំងមូល ដែលសុទ្ធតែពឹងផ្អែកលើសុខភាពរបស់យើង ។
បន្ទាប់មកលោកស្រី ស៊ាន សុខទៀង នាយិកាបច្ចេកទេស នៃមន្ទីរសំរាកព្យាបាលកម្ពុជា បានធ្វើបទបង្ហាញជូន ដល់សិក្ខាកាមទាំងអស់ ដោយលោកស្រីវេជ្ជបណ្ឌិត បានផ្តោតទៅលើចំណុចសំខាន់ៗ ដែលរួមាន អ្វីទៅដែលហៅថា ការលំបាកមានកូន ហើយការលំបាកមានកូន ចែកចេញជាពីរប្រភេទគឺ ការលំបាកមានកូនប្រភេទទី១ (Primary Infertility) ពោលគឺស្ត្រីពុំធ្លាប់មានកូនទាល់តែសោះ ដោយឡែកការលំបាក មានកូនប្រភេទទី២ ដែលហៅថា (Secondary Infertility) សំដៅដល់ស្ត្រីដែលធ្លាប់មានកូនម្តងហើយ ប៉ុន្តែពុំអាចមានកូនជាលើកទី២ ដូចបំណង ។
លោកស្រីវេជ្ជបណ្ឌិត ក៏បានលើកឡើងផងដែរ អំពីមូលហេតុដែលបណ្តាលឲ្យ មានការលំបាកមានកូន ដែលមូលហេតុទាំងនោះ អាចបណ្តាលមកពីស្ត្រី ដែលរួមមាន៖ ដំណើរអូវ៉ុលមិនទៀងទាត់ ការខូចខាតដៃស្បូន មាត់ស្បូនធ្លាប់មានការវះកាត់ ដែលធ្វើឲ្យការបញ្ចេញរំអិលមិនបានល្អ មានដុំសាច់ក្នុងស្បូន ជំងឺ Endometriosis ជាដើម និងមូលហេតុបណ្តាលមកពីខាងបុរសរួមមាន៖ បញ្ហានៃការផលិតទឹកកាម (មេជីវិតបុរសចំនួនមិនគ្រប់គ្រាន់ ចលនាមិនល្អ រូបរាងខុសប្រក្រតី) ការមិនមានមេជីវិតបុរសនៅក្នុងទឹកកាម ការស្ទះនៃការបញ្ជូនមេជីវិតបុរស និងបញ្ហានៃការរួមភេទជាដើម។
លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា បញ្ហានៃការលំបាកមានកូន ដែលអាចបណ្តាលមកពីស្ត្រី ឬបុរស កំរិតធ្ងន់នោះ លែងជាឧបសគ្គសំរាបស់គូស្វាមីភរិយា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទៀតហើយ ដោយសាមានការព្យាបាល តាមបែបបច្ចេកវិទ្យា ពោលគឺការបង្ករកំណើនកូនក្នុងកែវ (IVF) និង ICSI ដែលបច្ចេកវិទ្យានេះ មាននៅកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ ២០១៤។
ទន្ទឹមនឹងការស្វែងយល់របស់ សិក្ខាកាមអំពីបញ្ហារោគស្ត្រី និងការលំបាកមានកូន និងជាការឆ្លើយតបទៅនឹងការលើកឡើង របស់លោកស្រីនាយិកា មធ្យមសិក្សា នៃសាលារៀន អន្តរទ្វីអាមេរិកាំង អំពីព័ត៌មានពិត និងមធ្យោបាយក្នុងការដោះស្រាយ បញ្ហាឲ្យចំគោលដៅ លោក វ៉ា ម៉ូនីកា នាយកគ្រប់គ្រងទូទៅ នៃមន្ទីសំរាកព្យាបាលកម្ពុជា បានធ្វើបទបង្ហាញខ្លីអំពី សេវាកម្ម ដែលផ្តល់ដោយមន្ទីរសំរាកព្យាបាលកម្ពុជា និងលទ្ធផលដែលមន្ទីរសំរាកព្យាបាលកម្ពុជា សំរេចបានក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
លោកបានបញ្ជាក់ក្នុងបទបង្ហាញថា គិតមកត្រឹមពេលនេះ មន្ទីរសំរាកព្យាបាលកម្ពុជា បានជួយដល់អ្នកលំបាកមានកូនកំរិតមធ្យម និងស្រាល បានជោគជ័យចំនួន១០៤០គ្រួសារ ក្នុងនោះមាន ៨៤០ គ្រួសារបានសំរាលហើយ និងអតិថិជនដែលជោគជ័យ ដោយជ្រើសរើសការបង្កកំណើតកូនក្នុងកែវ (IVF) មានចំនួន៣១៦គ្រួសារ។
លោកបានលើកឡើងទៀតថា FCC សំរេចអត្រាជោគជ័យ កូនតោងជាប់៦៧ភាគរយ ខ្ពស់ជាងឡាបូបង្កកំណើត នៅខាងអឺរ៉ុប ដែលមានអត្រាជោគជ័យ ត្រឹមតែ២៨ ទៅ៤១ ភាគរយតែប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៏ របស់ស្ថាប័នបច្ចេកវិទ្យា ជួយបង្កកំណើតនៅអឺរ៉ុប ឆ្នាំ២០១៦ European Society of Human Reproduction and Embryology (ESHRE)។
ដោយឡែកបើយោងតាម របាយការណ៏ផ្លូវការរបស់ស្ថាប័នបច្ចេកវិទ្យា ជួយបង្កកំណើតនៅអាមេរិក American Society for Reproductive Medicine (ASRM) អត្រាជោគជ័យ នៅប្រទេសអាមេរិកក្នុងឆ្នាំ ២០១៦ នេះ មានត្រឹមតែ៥៤ភាគរយ តែប៉ុណ្ណោះ។
នៅក្នុងឱកាសនោះដែរ លោក វ៉ា ម៉ូនីកា បានជំរាបជូនដល់លោកស្រី សាត សារឿន នាយិការដ្ឋបាលអប់រំ តំណាងឲ្យគណៈគ្រប់គ្រង នៃសាលារៀនអន្តរទ្វីបអាមេរិកាំង ក៏ដូចជាបុគ្គលិក សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូទាំងអស់ថា លោក ហោ សំណាង ស្ថាបនិក និងជាអគ្គនាយកមន្ទីរសំរាកព្យាបាលកម្ពុជា បានសំរេចផ្តល់ការបញ្ចុះតំលៃចំនួន១០% ជូនដល់បុគ្គលិកសាលារៀនអន្តរទ្វីបអាមេរិកាំង ចាប់ពីពេលនេះតទៅ ដែលបានមកទទួលសេវា នៅមន្ទីរសំរាកព្យាបាលកម្ពុជា ដែលមានទីតំាងស្ថិតនៅជាប់របងខាងជើង សាលាបឋមសិក្សាភ្នំដូនពេញ៕