(ប៉េកាំង)៖ ប្រតិភូរាជរដ្ឋាភិបាលថៃមួយក្រុម ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak នៅថ្ងៃទី០៨ ខែធ្នូនេះ បានធ្វើដំណើរទៅបំពេញទស្សនកិច្ច ទៅកាន់ក្រុមហ៊ុន Alibaba Group ដែលស្ថិតនៅទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រសួងពាណិជ្ជកម្មថៃ និងក្រុមហ៊ុន Alibaba ក៏បានរៀបចំពិធីចុះហត្ថលេខាមួយនៅទីនោះទៅលើកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើន។
សូមជម្រាបថា ក្រុមហ៊ុន Alibaba គឺជាក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអ៊ីនធើណេត (E-commerce) ធំជាងគេបំផុត នៅក្នុងប្រទេសចិន ដែលត្រូវបានបង្កើត ឡើងដោយ លោកមហាសេដ្ឋី Jack Ma នៅក្នុងឆ្នាំ១៩៩៩៕