(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល លោករដ្ឋលេខាធិការ ឌិត ទីណា បានដាក់ឱសានវាទ ២សប្តាហ៍ទៀតគិតចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នេះឲ្យអាជីវករ ប្រកបរបរអាជីវកម្មរ៉ែសំណង់ទូទាំងប្រទេស ត្រូវចាប់ផ្តើមបំពេញបែបបទធ្វើកិច្ចសន្យាកាពារបរិស្ថាន (សម្រាប់អាជីវកម្មខ្នាតតូចពី០១ ហិកតាដល់១០ ហិកតា) ឬរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង (សម្រាប់អាជីវកម្មពី១០ហិកតា ដល់៤០ហិកតា) ឬរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថានពេញលេញ (សម្រាប់អាជីវក្មពី៤០ ហិកតាឡើងទៅ) ទៅតាមប្រភេទទំហំអាជីវកម្ម ហើយដាក់មកក្រសួងពិនិត្យ បើមិនដូច្នោះទេ ក្រសួងរ៉ែ និងថាមពល នឹងមិនពន្យាបន្ត ឬសម្រេចព្យួរ ឬលប់អាជ្ញាបណ្ណតែម្តង។ ទន្ទឹមនេះក្រុមហ៊ុន ឬអាជីវករត្រូវផ្តល់មកក្រសួងរ៉ែ និងថាមពលនូវឯកសារពេញលេញ ដែលទទួលស្គាល់ដោយក្រសួងបរិស្ថានយ៉ាងយូរ ៣ខែ ចំពោះក្រុមហ៊ុនត្រូវបំពេញរបាយការណ៏វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និង៦ខែចំពោះក្រុមហ៊ុន ត្រូវបំពេញរបាយការណ៏វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ។
លោករដ្ឋលេខាធិការ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំរវាងក្រសួងរ៉ែនិងថាមពល សហការជាមួយក្រសួងបរិស្ថាន និងអាជីករប្រកបអាជីវកម្មរ៉ែសំណង់គ្រប់ប្រភេទ នៅទូទាំងប្រទេសជិត២០០នាក់ ផ្សព្វផ្សាយពីប្រកាសអន្តរក្រសួងលេខ ១៩១ ប្រ.ក ប.ស្ថ ចុះថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០១៦ រវាងក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ស្តីពីចំណាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអាជីវកម្មរ៉ែសំណង់គ្រប់ប្រភេទ ឬរ៉ែផ្សេងទៀតដែលមានលក្ខណៈជាសិប្បកម្ម ឬអាជីវកម្មខ្នាតតូច។
កន្លងមកនៅតាមការដ្ឋានអាជីវកម្មរ៉ែ សំណង់ក្នុងខេត្តមួយចំនួនបានកើតមានឧបទ្ទវហេតុផ្សេងៗដូចជា បាក់រណ្តៅដី ការដាក់រំសេវផ្ទុះខុសលក្ខណៈបច្ចេកទេស បណ្តាលឲ្យស្លាប់មនុស្ស និងរងរបួស មួយចំនួន ដោយសារម្ចាស់ការដ្ឋាន មិនគោរពតាមលក្ខន្តបច្ចេកទេស ដែលមានចែងក្នុងអាជ្ញាប័ណ្ណ៕