(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គឺជាទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចរៀបចំពិធីរម្លឹកខួបនេះ នៅក្នុងទីស្នាក់ការរបស់ខ្លួន ដើម្បីជំរុញ និងលើកកម្ពស់ភាពស្អាតស្អំ និងលុបបំបាត់អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។
តាមសេចក្តីប្រកាសរបស់ ACU បានឱ្យដឹងថា ទិវានេះ គឺជាសារ និងជាការរំលឹកឡើងវិញនូវឆន្ទៈ និងការប្តេជ្ញាដោយឥតងាករ៉េរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឹងប្រែង តស៊ូ ជំនះឱ្យបាននូវការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលជាឧបសគ្គដល់គ្រប់ទិដ្ឋភាពនៃការដឹកនាំ និងការកសាងមាតុភូមិកម្ពុជា ឆ្ពោះទៅកាន់ភាពរីកចម្រើនប្រកបដោយចីរភាព។
ក្នុងពិធីនេះ ក៏មានការបំពាក់គ្រឿងឥស្សរិយជូនសិល្បករ-សិល្បការិនី ដែលបានសហការជាមួយអង្គភាព ក្នុងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើលិខិតអញ្ជើញមន្រ្តីនានា ចូលរួមនៅក្នុងពិធីនេះផងដែរ៕