(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបក្រុមគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ១៩នាក់ ក្នុងស្រី៤នាក់  និងដកហូតបានថ្នាំ៦កញ្ចប់ និងវត្ថុតាងមួយចំនួន។

​ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ នៅ​ចំណុចសំណង់មិនរៀបរយ​ ដីឡូត៍គ្មានលេខ ផ្លូវលេខ៤៧៨ កែង១២៣ ស្ថិតក្នុងក្រុម១​ ភូមិ១​ សង្កាត់​ទួលទំពូងទី១​ ខណ្ឌចំការមន។

លោក អីុវ ភារិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្រោយប្រតិបត្តិការកម្លាំងនគរបាលជំនាញ ដកហូតបានថ្នាំញៀន ប្រភេទក្រាមសថ្លា៦កញ្ចប់ ជញ្ជីង១ ដាវ​៤ដើម ស្លាកលេខម៉ូតូ៣​ ម៉ូតូ៥គ្រឿងនិ ងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននទៀត។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕