(ភ្នំពេញ)៖ កុមារាអាយុជាង២ឆ្នាំ ដែលត្រូវខ្ទើយវៀតណាមធ្វើទារុណកម្ម ត្រូវបាននាំយកមកពិនិត្យសុខភាព នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានលោកឧកញ៉ា ម៉ុង ឬទ្ធី ចុះសួរសុខទុក្ខផ្ទាល់ និងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ ជាពិសេសលោកចង់យកទៅរស់នៅតំបន់អភិវឌ្ឍន៍កែវផុស ដោយផ្ដល់កន្លែងស្នាក់នៅជូនទៀតផង។ នេះបើតាមការបញ្ជាក់ នៅលើទំព័រ Facebook របស់លោកឧកញ៉ា នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។
លោកឧកញ៉ា ម៉ុង ឬទ្ធី បានថ្លែងយ៉ាងដូច្នេះថា «បានមកជួបចៅដែលត្រូវគេធ្វើទារុណកម្ម នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឲ្យលុយ១០០ដុល្លារ នឹងបានផ្តាំផ្ញើរដល់ឪពុកម្តាយរួមជាមួយសមត្ថកិច្ចថា បើគាត់យល់ព្រមទៅរស់នៅតំបន់អភិវឌ្ឍន៍កែវផុស ខ្ញុំនឹងផ្តល់ការងារផ្ទះស្នាក់នៅជូនដល់ពួកគាត់»។
សូមបញ្ជាក់ថា ជនភេទទី៣ ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅទៅលើកុមារ២ឆ្នាំនោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ Doung tanh ជាជនជាតិវៀតណាម។
ចំណែកឯក្មេងប្រុសរងគ្រោះ មានឈ្មោះ សូរ សៅ ជាកូនជនជាតិខ្មែរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលម្តាយឪពុកជាកម្មករចាំចំការកាកាវ ឲ្យជនជាតិហូឡង់ ស្ថិតនៅភូមិឃុំខាងលើ។ ភេទទី៣ជនជាតិវៀតណាមនេះ ត្រូវបានចាប់ខ្លួននៅទីក្រុងហូជីមីញ កាលពីយប់ថ្ងៃទី៧ ខែធ្នូម្សិលមិញ នៅពេលនេះ ស្ថិតក្រោមការសួរនាំនៅកន្លែងនគរបាលវៀតណាម ក្នុងក្រុងហូជីមិញ និងត្រូវកាត់ទោសនៅប្រទេសវៀតណាមតែម្តង។
ហេតុការណ៍ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើកុមារកម្ពុជានេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា បានកើតឡើងតាំងពីជាង២ខែមុនមកម្ល៉េះ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប៉ុន្តែទើបតែធ្លាយនៅប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការបញ្ចេញ Video នៃសកម្មភាពប្រើអំពើហិង្សាទៅលើក្មេងប្រុសដ៏កំសត់រូបនេះ តាមបណ្តាញសង្គម Facebook ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលលេង Facebook ចេញមកថ្កោលទោលយ៉ាងខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់ជនដៃដល់រូបនេះផង។
ជាមួយគ្នានេះ ក៏មានអ្នកលេង Facebook សំរក់ទឹកភ្នែកសម្តែងការអាណិតអាសូរ យ៉ាងពន់ពេកដល់ក្មេងប្រុសរងគ្រោះ ធ្វើឲ្យមានការ Share និងមើល វីដេអូមួយនេះរាប់ម៉ឺននាក់ឯណោះ៕