(សៀមរាប)៖ ប្រជាពលរដ្ឋចំនួន៣០នាក់ និងព្រះសង្ឃ៦អង្គ មានអាការៈក្អួតចង្អោរ ទន់ដៃទន់ជើង និងអស់កម្លាំង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសង្ស័យថា ជនរងគ្រោះទាំងអស់ បានពុលផ្អកកូនត្រីប្រៃ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ។
ហេតុការណ៍មួយនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងកម្មវិធីបុណ្យសពមួយកន្លែងស្ថិតក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។
មន្រ្តីនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានឲ្យដឹងនៅថា ករណីខាងលើនេះបណ្ដាលឲ្យ ៣៦អង្គនាក់ ក្នុងនោះមាន ព្រះសង្ឃចំនួន ០៦អង្គ និងប្រជាពលរដ្ឋចំនួន ៣០នាក់ ភាគច្រើនជាមនុស្សស្រី មានម្នាក់អាការៈក្អួតចង្អោរធ្ងន់ធ្ងរហើយបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។
យ៉ាងណាក៏ដោយ រហូតមកដល់យប់ថ្ងៃនេះ ជនរងគ្រោះខ្លះបានធូរស្រាលហើយ ដោយដេលសម្រាក និងព្យួសេរ៉ូមនៅផ្ទះ។
ករណីខាងលើនេះ មន្រ្តីនគរបាលក្រុងសៀមរាប បានដាក់ការសង្ស័យថាពុលផ្អកកូនត្រីប្រៃ ចំពោះការសន្និដ្ឋានថា យ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ ដោយលោកបានរាយការណ៍ជូនទៅខាងជំនាញរួចហើយដែរ ដើម្បីចុះមកស្រាវជ្រាវភ្លាមៗផងដែរ។
បើតាមមន្រ្តីនគរបាលដដែល ហេតុការណ៍នេះ បានកើតឡើង នៅក្នុងបុណ្យសពមួយ ហើយម្ចាស់ផ្ទះបានផ្អកត្រីប្រៃ ពីម្តាយមីង រួចដាក់ចំឲ្យព្រះសង្ឃឆាន់ និងប្រជាពលរដ្ឋដែលចូលរួមបុណ្យសពហូប ស្រាប់តែបណ្តាលឲ្យមានករណីកើតឡើងតែម្តង៕