(ស្វាយរៀង)៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បានរៀបចំប្រារព្ធទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីនិរន្តរភាព» ដោយមានការចូលរួមពីមន្ត្រីទីស្នាក់ការកណ្ដាល តំណាងសហព័ន្ធអន្ដរជាតិប្រចាំនៅកម្ពុជា តំណាងថ្នាក់ដឹកនាំ និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជារាជធានី-ខេត្តមួយចំនួន មន្ទីរ អង្គភាពជុំវិញខេត្តស្វាយរៀង ទីប្រឹក្សាយុវជនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា មកពីក្រុង-ស្រុកទាំង៧ នៃខេត្តស្វាយរៀង សរុប ៤០០នាក់។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះអ្នកស្ម័គ្រចិត្ត​ទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយ-ចិត្ត រួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។

លោកស្រី បានគូសបញ្ជាក់ថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនេះ គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្ត ក្នុងការងារមនុស្សធម៌របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមានអាយុកាល ១៥៣ឆ្នាំ មកហើយ។

លោកស្រីបញ្ជាក់ទៀតថា ទិវានេះបានផ្តោតលើគុណតម្លៃ នៃការងារស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាក់ស្តែង កាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តបានរហូតដល់ជាង ៣ម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជា ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត។

ដើម្បីលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តទាំង ៣៤៣នាក់ ដែលមកចូលរួមក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា បានផ្ដល់ជូននូវប័ណ្ណសរសើរ និងអំណោយមនុស្សធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន ក្នុងនោះម្នាក់ៗទទួលបាន  អង្ករ៣០គីឡូក្រាម មីយើង១កេស ត្រីខ១០កំប៉ុង ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកាចំនួន ២០,០០០រៀល។

ដោយឡែក ចំពោះអ្នកស្ម័គ្រចិត្ត ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ការងារ និងឡើងឆ្លើយសំណួរ-ចម្លើយ ទទួលបានវត្ថុអនុស្សាវរីយ៍ មួកសុវត្ថិភាព សៀវភៅសរសេរ និងថវិកាមួយចំនួនផង​ដែរ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ធ្លាប់បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ជារៀងរាល់ឆ្នាំ ក្នុងនោះ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ធ្វើនៅខេត្តកំពង់ធំ, ឆ្នាំ២០១៤ នៅខេត្តព្រះវិហារ, ឆ្នាំ២០១៥ នៅខេត្តព្រៃវែង និងឆ្នាំ២០១៦នេះ ប្រារព្ធធ្វើនៅខេត្តស្វាយរៀង៕