(សៀមរាប)៖ លោកស្រី លី ប៊ិន រដ្ឋមន្ត្រីទទួលបន្ទុកគណៈកម្មាធិការសុខាភិបាល និងផែនការគ្រួសារ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងស្វែងយល់ពីដំណើរការនៃមន្ទីរពេទ្យមួយនេះ និងស្វែងយល់ពីដំណើរការក្នុងមណ្ឌលសុខភាពស្រាវជ្រាវ។
ក្នុងឱកាសនោះលោកស្រី លី ប៊ិន ក៏បានចុះពិនិត្យសកម្មភាពរបស់ក្រុមពេទ្យជំនាញធ្មេញ មកពីប្រទេសចិន ដែលបានចុះពិគ្រោះ និងពិនិត្យមាត់ធ្មេញជូនកុមារ ដែលសិក្សានៅសាលាបឋមសិក្សាខ្នារចាស់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយមានការរួមដំណើរទទួលស្វាគមន៍ពីលោកស្រី តាន់ វួចឆេង រដ្ឋលេខាធិការ ក្រសួងសុខភិបាលកម្ពុជា និងថ្នាក់ដឹកនាំមន្ត្រី នៃមន្ទីរសុខាភិបាល ខេត្តសៀមរាបផងដែរ។
លោក ក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស្រី លី ប៊ិន មកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាពេលនេះក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ចំពោះវិស័យសុខាភិបាលនៅកម្ពុជា ដែលក្នុងនោះលោកស្រី ក៏បានចុះ MoU ជាមួយក្រសួងសុខាភិបាលកម្ពុជា ដោយផ្ដោតគោលដៅ៤ចំណុច ហើយអ្វីដែលសំខាន់នោះ គឺលោកស្រីបានផ្ដោតទៅលើកិច្ចការបរិស្ថាន ដែលបង្កការប៉ះពាល់ ដល់សុខភាព និងកិច្ចការសង្គ្រោះបន្ទាន់ ហើយក៏បានផ្ដោតទៅលើការពង្រឹងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសុខាភិបាលកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ទាំងនៅថ្នាក់ជាតិ និងនៅខេត្តសៀមរាបនេះ ផងដែរ។
លោក វេជ្ជបណ្ឌិត ស៊ូ នូ នាយករងនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ ខ្វាងស៊ី និងជាព្រឹទ្ធបុរសនៃវិទ្យាល័យមាត់និងធ្មេញ ហើយក៏ជាអ្នកដឹកនាំក្រុមពេទ្យជំនាញមាត់ធ្មេញពីប្រទេសចិន ចុះពិនិត្យមាត់ធ្មេញនៅសាលាបឋមសិក្សាខ្នារចាស់ បានឲ្យដឹងថា ដោយសាររាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក៏ដូចជាក្រសួងសុខាភិបាលប្រទេសទាំងពីរ មានទំនាក់ទំនងជាមិត្តភាព និងកិច្ចសហការយ៉ាងល្អ ទើបក្រុមពេទ្យជំនាញធ្មេញរបស់លោក បានរួមចំណែកសហការ និងការឧបត្ថម្ភគាំទ្រ ដើម្បីធ្វើឱ្យវិស័យសុខាភិបាលកម្ពុជា មានភាពប្រសើរឡើង ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។
លោក ស៊ូ នូ បានបញ្ជាក់ទៀតថា ខាងសាកលវិទ្យាល័យ ខ្វាងស៊ី របស់លោក បានទទួលការសហការឧបត្ថម្ភគាំទ្រ ពីរដ្ឋាភិបាលចិន, អង្គការសង្គមស៊ីវិល និងវិស័យឯកជននានា នៅប្រទេសចិន សម្រាប់ប្រតិបត្តការសកម្មភាពមនុស្សធម៌ នៅកម្ពុជា។ ហើយក្រុមការងារលោក បានប្ដេជ្ញាចិត្តដោយឆន្ទៈខ្ពស់ ក្នុងការបន្ដបេសកម្មប្រកបដោយគុណភាព មិត្តភាព មនុស្សធម៌ និងភាពយូរអង្វែង សម្រាប់ចូលរួមចំណែកធ្វើឱ្យសុខភាពប្រជាពលរដ្ឋកម្ពុជា មានភាពប្រសើរឡើង។
សូមជម្រាបថា ក្រុមគ្រូពេទ្យរបស់លោក ស៊ូ នូ មានគ្នាសរុប ២៤នាក់ ក្នុងនោះ ១៦រូប មកពីប្រទេសចិន និង៨រូបទៀត មកពីសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលកម្ពុជា។
លោកស្រី លី ប៊ិន បានឲ្យដឹងថា ក្នុងដំណើរចុះពិនិត្យសកម្មភាព នាពេលនេះ លោកស្រីមានសេចក្ដីសប្បាយរីករាយណាស់ នៅពេលដែលឃើញស្នាមញញឹមរបស់ប្រជាពលរដ្ឋកម្ពុជា។ ហើយក៏មានបេសកម្មរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រ ខ្វាងស៊ី ដែលបានមកពិនិត្យមាត់ធ្មេញជូនកុមារកម្ពុជានេះ លោកស្រីរឹតតែសប្បាយចិត្តកាន់តែខ្លាំងថែមទៀត។
លោកស្រី ក៏បានថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាលកម្ពុជា ដែលបានសហការយ៉ាងល្អ ជាមួយវិស័យសុខាភិបាលនៃប្រទេសចិន ដូចជាមានសហការរួមគ្នា ធ្វើសកម្មភាពមនុស្សធម៌ជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រ ខ្វាងស៊ី ជាដើម ដើម្បីរួមចំណែកផ្ដល់សេវាសុខភាព ជូនប្រជាពលរដ្ឋកម្ពុជា៕