(ភ្នំពេញ)៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ អណ្ដែតក្នុងប្រឡាយទឹកស្អុយ ក្រោយមានការអះអាងពីក្រុមគ្រួសារថា ចូលចិត្តដើរផឹកស្រា និងបានបាត់ខ្លួនចេញពីផ្ទះ២យប់២ថ្ងៃ មកហើយ បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រង់ចំណុចក្នុងប្រឡាយទឹកស្អុយ នៅទល់មុខវិទ្យាស្ថានអប់រំកាយ និងកីឡា ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
មន្ត្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ទៀតថា សពបុរសរងគ្រោះមានឈ្មោះ សូត ប៊ុនធឿន អាយុ៣៧ឆ្នាំ មុខរបរជាជាងផ្សារដែក ស្នាក់នៅជាមួយម្ដាយ និងបងប្អូន២នាក់ទៀត នៅតាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក។
គ្រួសារសពបានឲ្យដឹងថា ជនរងគ្រោះចូលចិត្តដើរផឹកស្រា ហើយបានបាត់ខ្លួនចេញពីផ្ទះ រយៈពេល ២យប់២ថ្ងៃ មកហើយ គឺចេញពីផ្ទះបាត់តាំងពីថ្ងៃទី០៦ ខែធ្នូ មកម្លេះ ធ្វើឲ្យពួកគាត់ដើររកស្ទើរគ្រប់ទីកន្លែង តែរកពុំឃើញសោះ។ រហូតមកដល់រសៀលមិញនេះ ស្រាប់តែត្រូវគេប្រទះឃើញស្លាប់ នៅក្នុងប្រឡាយទឹកស្អុយតែម្ដង។
មន្ត្រីនគរបាលមូលដ្ឋាន បានបន្តថា ក្រោយការត្រួតពិនិត្យជុំវិញករណីសពនេះ បូករួមទាំងការសហការបំភ្លឺ ពីក្រុមគ្រួសារសពផងនោះ កម្លាំងនគរបាលបានធ្វើការសន្និដ្ឋានថា បុរសរងគ្រោះពិតជាស្លាប់ដោយសារស្រវឹងស្រា និងលង់ទឹកពិតប្រាកដមែន។ ក្រោយពីធ្វើកោលសល្យវិច្ច័យរួចរាល់ សពត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕