(ភ្នំពេញ)៖ បុរសវ័យចំណាស់ ដែលគេស្គាល់ថា ជាជនអនាថាដើរសុំទានតាមចញ្ចើមផ្លូវ ត្រូវបានស្ដ្រីម្នាក់បើករថយន្ដ VIGO រេចង្កូតបុកបណ្ដាលឲ្យស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍គួរឲ្យអាសូរនេះ កើតឡើងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវ៦២R មុខ (រោងចក្រហ្វីចតូរៀ) ស្ថិតនៅ ក្រុមទី១១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ដ្រីម្នាក់ បើកបរថយន្ដVIGO មួយគ្រឿង ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ: 2F-5755 បើកបរពីទិសដៅ ពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ បុរសរងគ្រោះរំកិលកូតឆ្លងផ្លូវ ស្រាប់តែរថយន្ដរេចង្កូតទៅបុក បណ្ដាលឲ្យរងរបួសធ្ងន់ ហើយស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។
នគរបាលបញ្ជាក់ថា ជនអនាថារងគ្រោះ មិនមានអ្នកណាម្នាក់ស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្ដែមានអាយុប្រហែល៦០ឆ្នាំ កំពស់១.៥០ម៉ែត្រ សម្បុរខ្មៅ ពាក់អាវដៃវែង ព័ណ៌ខ្មៅ ខោរជើងខ្លីព័ណ៌ខ្មៅ រីឯអ្នកបើករថយន្តឈ្មោះ មុយ ឈីន ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅផ្ទះលេខ១២H ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ក្រោយកើតហេតុរថយន្ដត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្ដតាមច្បាប់៕