Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល បន្តឃាត់ខ្លួនជនបរទេសខុសច្បាប់៥០នាក់ ក្នុងការដ្ឋានសំណង់មួយ នៅខណ្ឌទួលគោក

08-12-2016 18:26

(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមប្រតិបត្តិការចម្រុះ ចុះត្រួតពិនិត្យក្នុងការដ្ឋានសំណង់ចិនមួយ ស្ថិតតាមផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដោយបានឃាត់ខ្លួនជនបរទេសចំនួន ៥០នាក់ ស្រី៥នាក់ តែមានជនជាតិចិន ១២នាក់ទេ ដែលគ្មានលិខិតឆ្លងដែន ហើយត្រូវបាន​បញ្ជូនទៅសាកសួរ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តែម្ដង។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចដែលចូលរួមក្នុងប្រតិបត្តិការនេះ មានកម្លាំងនគរបាលនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហកាជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកបន្តថា ជនបរទេសទាំង ៥០នាក់នោះ មានជនជាតចិន ៤៨នាក់ ជនជាតិម៉ាឡេស៊ី ១នាក់ និងជនជាតិមីយ៉ាន់ម៉ា ១នាក់ ហើយមានជនជាតិប៉ាគីស្ថានម្នាក់ទៀតដែរ តែបានរត់គេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបន្តថា ក្នុងពេលត្រួតពិនិត្យនោះ កម្លាំងសមត្ថកិច្ចបានឆែកឆេររកលិខិតឆ្លងដែនរបស់ពួកគេ តែឃើញមានលិខិតឆ្លងដែនតែ ៣៥ក្បាល និងសៀវភៅការងារ ៣៥ក្បាល ប៉ុណ្ណោះ។

ក្រោយធ្វើការឆែកឆេររួចហើយ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនជាតិចិនចំនួន ១២នាក់ ដែលគ្មានលិខិតឆ្លងដែន និងគ្មានសៀវភៅការងារ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងអនុវត្តតាមនីតិវិធីបន្ត។

ក្រោយពីបញ្ជូនជនបរទេសដែលពាក់ព័ន្ធខាងលើហើយ កម្លាំងសមត្ថកិច្ចបានបន្តតាមចាប់ខ្លួនជនជាតិប៉ាគីស្ថាន ម្នាក់ទៀត ដែលគ្មានលិខិតឆ្លងដែនហើយរត់គេខ្លួនបាត់៕