(សៀមរាប)៖ ក្រោយពីបានបើកសិក្ខាសាលា ថ្នាក់តំបន់អាស៊ានស្តីអំពី ការលើកកម្ពស់សមាគមមនុស្សចាស់ រយៈពេល៣ថ្ងៃកាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦កន្លងមក កម្ពុជាបានបិទបញ្ចប់សិក្ខាសាលាមួយនេះ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នេះក្រោមអធិបតីភាព លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃអគ្គនាយដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន SOMSWD កម្ពុជា។
លោក តូច ចាន់នី បានថ្លែងនៅក្នុងពិធីបិទបញ្ចប់សិក្ខាសាលានោះថា ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន SOMSWD កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រីទាំងអស់ ដែលបានខិតខំពិភាក្សា ចែករំលែកបទពិសោធន៍ និងទស្សនល្អៗ ទាក់ទងទៅនឹងប្រធានបទ នៃអង្គសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការលើកកម្ពស់ សមាគមមនុស្សចាស់»។
លោកបន្តថា សិក្ខាសាលានេះ សបញ្ជាក់ថា សមាគមអាស៊ាន ពិតជាបានអនុវត្តន៍នូវទស្សនៈវិស័យ និងផែនការយុទ្ធសាស្ត្រ ដែលបានដាក់ចេញដោយយកប្រជាពលរដ្ឋជាធំ។ កិច្ចខិតខំនេះ បានលើកទឹកចិត្ត និងជម្រុញឲ្យរដ្ឋ ជាសមាជិកបន្តលះបង់បន្ថែមទៀត សម្រាប់មនុស្សចាស់។ ក្នុងក៏មានពិភាក្សាគ្នា យ៉ាងផុលផុសអំពីគម្រូ នៃការអនុវត្ត និងការគ្រប់គ្រងសមាគមមនុស្សចាស់ ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ និងអន្តរជាតិ។ មេរៀននិងបទពិសោធន៍ទាំងនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយធ្វើឲ្យប្រសើរនូវការរៀបចំ ការគ្រប់គ្រង និងរក្សាបាននូវនិរន្តភាព របស់សមាគមមនុស្សចាស់ ដើម្បីជាប្រយោជន៍ ដល់មនុស្សចាស់ និងសង្គមទាំងមូល។
លោកបញ្ជាក់ថា ការចែករំលែកនូវបទពិសោធន៍ ពីបណ្តាប្រទេសជាសមាជិកអាស៊ាន ទៅលើការរៀបចំបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់ ដែលបទពិសោធន៍ជាច្រើន បានបង្ហាញឲ្យឃើញថាការផ្តួចផ្តើម និងការចូលរួមពីសហគមន៍ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ជាគន្លឹះដែលចាំបាច់ក្នុងការរៀបចំបង្កើតឲ្យមាននូវសមាគមមនុស្សចាស់ ដើម្បីឈានទៅរកវិវត្តនភាព និងភាពរីកចម្រើនបានឆាប់រហ័ស។ បន្ថែមពីលើនេះ ការផ្គត់ផ្គង់ទាំងផ្នែកសម្ភារៈ ស្មារតី និងថវិកា ក៏ជាកត្តាដែលមិនអាចខ្វះបាន ក្នុងជួយធានានូវនិរន្តភាពនិងភាពជោគជ័យផងដែរ។ អង្គសិក្ខាសាលា បានយល់ឃើញដូចគ្នាថា កិច្ចការទាំងនេះ ត្រូវតែមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលថ្នាក់ជាតិ និងដៃគូបច្ចេកទេសនានា តាមរយៈការបង្កើតគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដើម្បីជម្រុញឲ្យការអនុវត្តមានប្រសិទ្ធិភាព។
លោកសង្កត់ធ្ងន់ថា ចំណេះដឹង និងបទពិសោធន៍ ពីប្រទេសជាសមាជិកអាស៊ាន មានដូចជាវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ កម្ពុជា និងអង្គការសុខភាពពិភពលោក បានបញ្ជក់ឡើងវិញ យើងជាសមាគមអាស៊ាន បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើមនុស្សចាស់ដែលជាមរតករស់របស់មនុស្សជាតិ ហើយរដ្ឋជាសមាជិកបានអនុវត្តន៍ យ៉ាងសស្រាក់សស្រាំ ក្នុងការជម្រុញ និងធ្វើការជាមួយសមាគមមនុស្សចាស់នៅគ្រប់កម្រិត ហើយការធ្វើការជាមួយមនុស្សចាស់ ទាមទារនូវយុទ្ធសាស្ត្រយូរអង្វែង ដែលត្រូវការធ្វើផែនការយ៉ាងប្រុងប្រយ័ត្ន។
សូមបញ្ជាក់ថា សិក្ខាសាលាក្នុងរយៈពេល ៣ថ្ងៃនេះបានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍តាមរយៈការធ្វើបទបង្ហាញក៏ដូចជាការពិភាក្សាគ្នាលើចំណុចសំខាន់ៗជាច្រើនដូចជា៖
១៖ ការរៀបចំសមាគមមនុស្សចាស់ដែលផ្អែកទៅលើគំនិតផ្តួចផ្តើមរបស់សហគមន៍មូលដ្ឋាន
២៖ ការយល់ដឹងពីបញ្ហាប្រឈម ផលប៉ះពាល់ និរន្តភាព និងការអនុវត្តនូវសមាគមមនុស្សចាស់
៣៖ ការរៀបចំក្រុមជួយខ្លួនឯងអន្តរជំនាន់ដែលប្រកបដោយការចូលរួម និងសកម្ម
៤៖ ការគាំពារសុខភាពរបស់មនុស្សចាស់ក្នុងសមាគម និងតួនាទីរបស់អ្នកពាក់ព័ន្ធនានា
៥៖ អង្គសិក្ខាសាលាយល់ឃើញថាសមាគមមនុស្សចាស់មិនអាចជំនួសប្រព័ន្ធគាំពារសង្គមរបស់រដ្ឋាភិបាល សុខភាព និងការថែទាំរយៈពេលវែងដោយសារធនធានមានកម្រិត
៦៖ ការបង្ហាញនិងចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ពីបណ្តាប្រទេសជាសមាជិកអាស៊ានអំពីគម្រូនៃការបង្កើត និងការគ្រប់គ្រងសមាគមមនុស្សចាស់ និងក្លឹបសម្រាប់មនុស្សចាស់។
៧៖ យន្តការស្ថាប័នក្នុងការជម្រុញឲ្យមានការទំនាក់ទំនងរវាងភាគីពាក់ព័ន្ធថ្នាក់តំបន់ ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានក្នុងការលើកកម្ពស់ការងារមនុស្សចាស់៕