(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រសួងការបរទេស បានចេញសេចក្តីប្រកាសផ្លូវការមួយដោយបញ្ជាក់ថា លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន ហៅបុរសខ្លាំងហ្វីលីពីន នឹងមកបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ នៅប្រទេសកម្ពុជា នាថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបទេសកម្ពុជា បានឱ្យដឹងថា ទស្សនកិច្ចនេះរបស់ លោក រ៉ូឌ្រីហ្គោ ឌូតឺតេធ្វើឡើងតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។
ក្រសួងការបទេសកម្ពុជា បានបញ្ជាក់ថា អំឡុងទស្សនកិច្ច នៅកម្ពុជារយៈពេល២ថ្ងៃខាងមុខនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ និងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ បន្ទាប់ពីនោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និង អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា។
សូមបញ្ជាក់ថា នេះគឺជាទស្សនកិច្ចលើកដំបូងហើយ របស់បុរសខ្លាំងហ្វីលីពីន លោក ឌូតឺតេ ដែលបានមកជួបបុរសខ្លាំងនៅក្នុងទឹកដីប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាសប្តាហ៍ក្រោយនេះ បន្ទាប់ពីលោកឡើងកាន់តំណែងជាប្រធានាធិបតី រយៈពេលជាងកន្លះឆ្នាំមកនេះ៕