(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រុមហ៊ុនរថយន្ត Ford បានរៀបចំដំណើរទេសចរណ៍មួយ ឆ្ពោះទៅកាន់ប្រទេសថៃ ដែលហៅថា ដំណើរកម្សាន្ដ របស់អតិថិជន Ford មានរយៈពេល៣យប់៤ថ្ងៃ ដោយមានអតិថិជន និងបុគ្គលិកក្រុមហ៊ុនប្រមាណ៤០០នាក់ និងរថយន្ត Ford ជាង៨០គ្រឿងចូលរួម។
ដំណើរកម្សាន្ដនៅថ្ងៃដំបូង លើចម្ងាយផ្លូវប្រមាណជាង៤០០គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តជាច្រើន ក្បួនរបស់ក្រុមហ៊ុន Ford បានទៅសម្រាកមួយយប់ នៅទីរួមខេត្តឧត្តរមានជ័យ មុននឹងធ្វើដំណើរបន្តឆ្លងព្រំដែនអូរស្មាច់ ឆ្ពោះទៅខេត្តសុរិន្ទ និងខេត្តបុរីរាំ ប្រទេសថៃ នៅថ្ងៃស្អែកនេះ។
ឆ្លៀតក្នុងឱកាសឈប់បោះជំរុំសម្រាក នៅទីរួមខេត្តឧត្តរមានជ័យនេះដែរ ក្រុមហ៊ុន Ford ក៏បាននាំនូវអំណោយមួយចំនួន របស់ក្រុមហ៊ុន និងរបស់អតិថិជន Ford យកទៅចែកជូនអតីតយុទ្ធជន នៅក្នុងខេត្តចំនួន២០០នាក់ផងដែរ ដោយមានការចូលរួមជាអធិបតី ពីសំណាក់លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ.អឹម.អេ ខេមបូឌា រួមជាមួយមន្ត្រីអាជ្ញាធរសមត្ថកិច្ច និងអតិថិជនហ្វត ដែលបានរួមដំណើរកំសាន្តខាងលើនេះ៕