Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បដិសេធមិនមាន​ភាគហ៊ុន​នៅក្នុងក្រុមហ៊ុន​រុករកប្រេង ដូចការចុះផ្សាយ​របស់​កាសែត​ភ្នំពេញប៉ុស្តិ៍​នោះទេ​

08-12-2016 17:12

(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះដោយកាសែតភ្នំពេញប៉ុស្តិ៍ថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា មានភាគហ៊ុន នៅក្នុងក្រុមហ៊ុន OITC Holdings PTE Ltd. ដែលជាក្រុមហ៊ុនរុករកប្រេង មានមូលដ្ឋាននៅសឹង្ហបុរី, នៅរសៀលថ្ងៃនេះលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងក្នុងនាមរដ្ឋមន្រ្តី ដោយសូមធ្វើបដិសេធជុំវិញការចេញផ្សាយនេះ។

ឆ្លើយតបចំពោះសំណួររបស់ Fresh News ថា តើបញ្ហាភាគហ៊ុននៅក្នុងក្រុមហ៊ុន OITC ដែលត្រូវបានកាសែតក្នុងស្រុកចេញផ្សាយថា លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិតជាមានភាគហ៊ុននៅក្នុងក្រុមហ៊ុន ដូចការចេញផ្សាយឬទេ ?

លោក គឹម សន្តិភាព បានថ្លែងយ៉ាងម៉ឺងម៉ត់ថា៖ «អ្វីដែលជារបាយការណ៍របស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយនោះគឺទាំងអាស័យដ្ឋាន និងលេខលិខិតឆ្លងដែន គឺខុសទាំងស្រុង ! ជាធម្មតាអ្នកដែលជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុននីមួយៗ ត្រូវមានកិច្ចសន្យាទិញភាគហ៊ុន និងឯកសារដទៃទៀត ដាក់តម្កល់នៅក្រុមហ៊ុននោះ ហេតុនេះសូមភ្នំពេញប៉ុស្តិ៍ ស្វែងរកឯកសារទាំងនេះមកបញ្ជាក់ឲ្យបានច្បាស់លាស់ ជៀសវាងការផ្សាយព័ត៌មានបែបនេះ ដែលនាំឲ្យប៉ះពាល់ដល់កិត្តយសអ្នកដទៃ!»

អ្នកនាំពាក្យដដែលរូបនោះបន្តលើកឡើងថា៖ «យើងមានការសោកស្តាយដែលកាសែតភ្នំពេញប៉ុស្តិ៍ មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ មិនបានយកចិត្តទុកដាក់វិភាគ អំពីកំរិតពិតប្រាកដ នៃប្រភពព័ត៌មាននោះឲ្យ បានច្បាស់លាស់  ដែលតាមការសង្កេតកន្លងមកឃើញថា កាសែតមួយនេះ មានការចុះផ្សាយនូវព័ត៌មានដែលមិនមែន ជាការពិត ហើយក៏ពុំដែលចុះផ្សាយកែតម្រូវ នូវព័ត៌មានដែលខ្លួនបានផ្សព្វផ្សាយ ខុសនោះដែរ ជាក់ស្តែងដូចជាការចុះផ្សាយខុសពីការពិតអំពីការថយចុះ នៃទំហំថវិការរបស់ក្រសួងយុត្តិធម៌ក្នុងឆ្នាំ២០១៧ កន្លងមកជាដើម»