(ភ្នំពេញ)៖ ក្រោយការសួរនាំរួចមក លោក ហេង សុខណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោកឧកញ៉ា ប៊ុន ស៊ីថា ពាក់ព័ន្ធរឿងឆបោកលុយចំនួន៩០ម៉ឺនដុល្លារ ពីក្រុមហ៊ុនមួយ។
ឧកញ៉ារូបនេះ ត្រូវបានលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ «ឆបោក និងរំលោភលើទំនុកចិត្ត»។
នៅព្រឹកថ្ងៃទី៧ ខែធ្នូម្សិលមិញនេះ មានមេធាវីម្នាក់បាននាំកូនក្តីគឺលោកឧកញ៉ា ប៊ុន ស៊ីថា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលឆ្លើយបំភ្លឺលើបណ្តឹងមួយពីបទឆបោក។ វេលាម៉ោងប្រមាណ១១៖៣០នាទីព្រឹកថ្ងៃដដែលនោះ គេបានឃើញលោកមេធាវីមុខស្ងួតដើរចេញពីសាលាដំបូង ទៅរករថយន្តជិះត្រឡប់ទៅវិញ ស្របពេលនោះតំណាងអយ្យការបានទាក់ទងសមត្ថកិច្ច ឲ្យមកចាំឃាត់លោកឧកញ៉ានោះរួចហើយដែរ។
កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃដឹកនាំបានធ្វើការឃាត់ខ្លួនឧកញ៉ា ប៊ុន ស៊ីថា ក្រោមការចោទប្រកាន់ពីបទឆបោកនោះ។
ដើមចមបណ្តាលឲ្យមានការឃាត់ខ្លួន លោកឧកញ៉ានោះ ផ្តើមចេញពីលោកឧកញ៉ា ប៊ុន ស៊ីថា ទទួលបាន (ស.ជ.ណ) មួយពីគណ:រដ្ឋមន្ត្រី ឲ្យធ្វើការដោះដូរដីរដ្ឋមួយកន្លែង របស់ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញ ដែលការិយាល័យទាំង៣នេះនៅក្នុងបរិវេណតែមួយ ។ ពេលឧកញ៉ាបាន (ស.ជ.ណ) ហើយឧកញ៉ាបានលក់ (ស.ជ.ណ) នោះទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃទឹកប្រាក់ ៩០ម៉ឺនដុល្លារអាមេរិក។
ពេលលក់ (ស.ជ.ណ) ទៅឲ្យក្រុមហ៊ុននោះបានទទួលប្រាក់រួចហើយ តែ (ស.ជ.ណ) ទំនងមិនទាន់បានប្រគល់ឲ្យគេទេ ក្រោយមកក្រុមហ៊ុនមួយនោះទាមទារយក (ស.ជ.ណ) ក៏លេចឮព័ត៌មានថា លោកឧកញ៉ា ប៊ុន ស៊ីថា យកទៅដាក់បញ្ចាំបាត់ក្នុងទឹកប្រាក់ជាង១លានដុល្លារអាមេរិក ត្រង់ចំណុចនេះហើយបានជាក្រុមហ៊ុននោះប្តឹងលោកឧកញ៉ា៕