(ភ្នំពេញ)៖ ក្រោយពីមានការដោះលែង លោក ស៊ាង ចែត មេឃុំគណបក្សសមរង្ស៊ី ចេញពីពន្ធនាគារឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ មេឃុំ ស៊ាង ចែត បានទទួចស្នើឲ្យគណបក្សនយោបាយទាំងពីរសម្រួលជាមួយ គណៈកម្មការធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) អនុញ្ញាតឲ្យលោក ចុះឈ្មោះបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតនៅពេលខាងមុខនេះ។
លោក ស៊ាង ចែត បានបញ្ជាក់ថា «ទោះបីកាលៈទេសៈណាក៏ដោយ ខ្ញុំសូមឲ្យគណបក្សនយោបាយទាំងពីរ រកដំណោះស្រាយឲ្យខ្ញុំបាន ចុះឈ្មោះតែម្នាក់គត់ ខ្ញុំមិនចង់ទៅធ្វើតូច ធ្វើធំអីទៀតទេ ខ្ញុំសុំតែធ្វើមេឃុំ ឬក៏ដកខ្ញុំមកភូមិវិញក៏ខ្ញុំសប្បាយចិត្តដែរ ទោះបីគណបក្សយកខ្ញុំ មកតែងតាំងនៅស្រុក ភូមិណា ក៏ខ្ញុំមិនទៅដែរ ខ្ញុំចង់នៅតែជាមួយប្រជាពលរដ្ឋខ្ញុំ។ ចឹងខ្ញុំសូមឲ្យ គណបក្សនយោបាយទាំងពីរ និងគ.ជ.ប ដាក់ឈ្មោះតែមួយគត់ បានចុះឈ្មោះបោះឆ្នោត»។
តែការស្នើសុំនេះ ហាក់ដូចជាមានសង្ឃឹមតិចតួច ដោយសារតែកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតជាផ្លូវបាន បញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមកនេះ។ បើតាមការបញ្ជាក់ឲ្យដឹងពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់ឲ្យដឹងថា «ការស្នើសុំ លោក ស៊ាង ចែត មេឃុំគណបក្សសមរង្ស៊ី នេះ មិនអាចទៅរួចឡើយ ដោយសារតែកាលបរិច្ឆេទនៃការ ចុះឈ្មោះបោះឆ្នោតជាផ្លូវបាន បញ្ចប់ជាស្ថាពរហើយ។បើតាមច្បាប់ គ.ជ.ប គឺមិនអាចអនុញ្ញាតឲ្យគាត់ចុះឈ្មោះបោះឆ្នោតបានឡើយ»។
តែយ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា បើសិនជាមានការសម្រេចពីសភាដោយអនុញ្ញាតឲ្យ មានការ ចុះឈ្មោះមេឃុំ គណបក្សសមរង្ស៊ី លោក ស៊ាង ចែត គ.ជ.ប នឹងធ្វើទៅតាមនីតិវិធីរបស់សភាប្រគល់ជូន។
សូមបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំគណបក្ស សម រង្ស៊ី ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួននៅ ក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងករណី សូកប៉ាន់សាក្សី ក្នុងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំនោះ ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នៅម៉ោង៩៖០០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ តាមព្រះរាជក្រឹត្យ លើកលែងទោសរបស់ព្រះមហាក្សត្រ ដែលធ្វើឡើងតាមសំណើសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីល្ងាចម្សិលមិញ (ថ្ងៃទី០៧ ខែធ្នូ)។
ការចេញព្រះរាជក្រឹត្យលើកលែងទោស លោកមេឃុំ ស៊ាង ចែត នាពេលនេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ដែលទើបទទួលបាន ព្រះរាជទាន ការលើកលែងទោសពីព្រះមហាក្សត្រ ចូលប្រជុំសភាពេញអង្គ និងបានជួបចរចាពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង នៅវិមានរដ្ឋសភា នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦៕