(ភ្នំពេញ)៖ ដើម្បីធានាឲ្យបាននូវការ ផ្តល់សេវាសង្រ្គោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យឲ្យមាន កំរិតបរិមាណស៊ីជំរៅ និងមានគុណភាពខ្ពស់នោះ មន្ទីរពេទ្យកាល់ម៉ែត បានសហការជាមួយមូលនិធិ អន្តរជាតិនៃប្រទេសសិង្ហបុរី (SIF) បើកវគ្គបណ្តុះបណ្តាលស្តីពីវិធីជួយសង្រ្គោះបេះដូង ជាមូលដ្ឋាន នៃវិធីជួយសង្រ្គោះបេះដូងកំរិតខ្ពស់ ការថែទាំផ្នែកប្រពោធនកម្មបេះដូង និងការព្យាបាលចលនា ចាប់ពីថ្ងៃទី៥ ដល់ទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីបំប៉នជំនាញបន្ថែមដល់បុគ្គលិក ជាគ្រូពេទ្យ គិលានុបដ្ឋាជាង១ពាន់នាក់ នៅមន្ទីរពេទ្យកាលម៉ែត។
លោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងឲ្យដឹងថា «មិត្តខាងសាំងហ្គាពួរបានជ្រើសរើស មន្ទីរពេទ្យកាល់ម៉ែត ជាចំណុចកណ្តាល ដើម្បីធ្វើការបណ្តុះបណ្តាលរវាងមន្ទីរពេទ្យកាល់ម៉ែត និងSing Health ព្រោះមន្ទីរពេទ្យកាល់ម៉ែត ដែលចាត់ទុកជាពេទ្យថ្នាក់ជាតិមួយ ព្រោះយើងបានទទួលជម្ងឺផ្នែកសង្រ្គោះបន្ទាន់មកពីគ្រប់មជ្ឃដ្ឋានដូចជា មកពីបណ្តាខេត្ត និងរាជធានីភ្នំពេញ»។
លោកបន្តថា ចំពោះអ្នកជម្ងឺដែលបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតនេះ ដែលមានសភាពធ្ងន់ធ្ងរនោះ គឺទាមទារឲ្យមានការ យកចិត្ត ទុកដាក់ខ្ពស់ដើម្បីយើងជួយសង្រ្គោះទាន់ពេល ដូច្នេះដោយមិត្តខាងសាំងហ្គាពួរ គាត់មានជំនាញផ្នែកសង្រ្គោះបន្ទាន់គាត់បាន មកបណ្តុះបណ្តាលគ្រូពេទ្យយើង ឲ្យមានជំនាញប្រហាក់ប្រហែលជាមួយប្រទេសជិតខាងដែរ ជាពិសេសប្រទេសសាំងហ្គាពួរតែម្តង។
លោកអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់យ៉ាងដូច្នេះថា ការបណ្តុះណ្តាលនេះយើងមានឧបករណ៍ទំនើបដែលអាចឲ្យសិក្ខាកាម របស់យើងយល់ដឹង និងមានការធ្វើត្រាប់ដោយរូបម៉ារកាំង ដែលមានលក្ខណៈងាយស្រួល។ នេះជាលើកទី៣ ហើយដែលយើងបានធ្វើ វគ្គបណ្តុះបណ្តាលនេះ គឺមានផ្នែកសង្រ្គោះបន្ទាន់ផ្នែកបេះដូង សង្រ្គោះទូទៅនិងសង្រ្គោះផ្នែកប្រព័ន្ធប្រសាទ និងធ្វើគ្រប់ជំនាញតែម្តង។
លោកសង្ឃឹមថា សិក្ខាកាមយើងក្រោយពីពេលបញ្ចប់ពីសិក្ខាសាលានេះ ទៅនឹងយកចំណេះដឹងនេះទៅធ្វើជាប្រចាំ ព្រោះការ បណ្តុះបណ្តាល នេះវាមានសារសំខាន់ខ្លាំងណាស់វាប្រែក្លាយទៅជាការអនុវត្តជាក់ស្តែងតែម្តង។
លោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយរងមន្ទីរពេទ្យកាល់ម៉ែតបានបន្តទៀតថា យើងសង្ឃឹមថាគុណភាពនៃការផ្តល់ សេវាសាធារៈ សង្រ្គោះបន្ទាន់នេះវាមានការប្រែប្រួលគួរឲ្យកត់សម្គាល់នាពេលអនាគត យើងនឹងបន្តធ្វើក្នុងរយៈពេល៣ឆ្នាំ ដែលបានចែងនៅក្នុង កិច្ចព្រមព្រៀងនេះ។
ដូច្នេះមន្ទីរពេទ្យបានបើកទូលាយនូវរាល់ការសហការជាមួយបណ្តាលបរទេសនានា ដើម្បីយើងទទួលបានបទពិសោធន៍និងបច្ចេកទេស ដែលថ្មីធ្វើឲ្យការវិឌ្ឍន៍នៃការព្យាបាលតាមដំណាក់កាល ទៅលើសកលលោក។ យើងរីករាយជាខ្លាំងទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្នុងការទទួលនូវការបណ្តុះបណ្តាល បន្តដែលយើងត្រូវធ្វើក្រោមការដឹកនាំរបស់ លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឲ្យធ្វើការងារ នេះជាប្រចាំ។
ដោយឡែកលោកស្រី Jean tan នាយកប្រតិបត្តិរបស់ SIF បានថ្លែងឲ្យដឹងថា «ការងារនៅក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយ ជនជាតិសិង្ហបុរី និងជនជាតិកម្ពុជា គឺផ្សារភ្ជាប់ និងសហប្រតិបត្តិការ ដើម្បីផ្លាស់ប្តូរជាវិជ្ជាមានមួយ»។
លោកស្រីបន្ថែមថា យើងមានសកម្មភាពនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២មកម្ល៉េះ ដោយធ្វើការរួមគ្នាដើម្បី សាងសមត្ថភាពក្នុងការថែទាំ វេជ្ជសាសស្រ្ត ការបណ្តុះបណ្តាលនិងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម។ នៅក្នុងដំណើរការនេះយើងអាចស្គាល់យល់គ្នាកាន់តែច្បាស់ ហើយការថែទាំវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់និងគម្រោងគ្រប់គ្រងនេះ គឺជាការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីសហភាតរៈភាពក្នុងការ ចែករំលែកបទពិសោធន៍ និងធនធានដើម្បីលើកកំពស់គុណភាពនៃជីវិតក្នុងការចែកលំលែកទៅអនាគត។
ជាមួយគ្នានេះដែរលោកសាស្រ្តាចារ្យ ចូវ យូឡេង ដែលគណៈនាយកនៃការិយាល័យសហប្រតិបត្តិការអន្តរៈជាតិរបស់ Sing Health បានឲ្យដឹងថា យើងមានសេចក្តីត្រេកអរដែលបានចាប់ដៃគូជាមួយ មិត្តភ័ក្តរបស់យើងនៅទីក្រុងភ្នំពេញ ក្នុងការចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរយោបល់ទាំងជំនាញនិងបទពិសោធន៍ ក្រុមថែទាំវេជ្ជសាសស្រ្តរបស់យើង និងត្រៀមខ្លួនឲ្យបានប្រសើរជាងនេះ ក្នុងការផ្តល់សេវាថែទាំសង្រ្គោះបន្ទាន់នៅក្នង សហគមន៍របស់យើង៕