(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា នៅក្នុងប្រទសកម្ពុជា មានអ្នកដើរបោកថា ទាន់តែពួកគេកាន់អំណាចទើប មានក្រុមហ៊ុនជប៉ុន ក្រុមហ៊ុនបារាំង និងអាមេរិកមកវិនិយោគ។ ប៉ុន្តែសម្តេចថា ការវិនិយោគរបស់ក្រុមហ៊ុនទាំងនោះមិនអាស្រ័យលើបុគ្គលនោះទេ ប៉ុន្តែអាស្រ័យលើស្ថានភាពរបស់ប្រទេស។ (ស្តាប់ប្រសាសន៍សម្តេចតេជោខាងក្រោម)៖
ការលើកឡើងបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី៥ឆ្នាំ នៃការបើកប្រតិបត្តិការក្រុមហ៊ុនមីនីបៀ នៅក្នុងប្រទេសកម្ពុជា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនផលិតម៉ូទ័រដែលវិនិយោគដោយ វិនិយោគិនជប៉ុន។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «ព្រោះមានអ្នកខ្លះនិយាយថា ទាក់តែពួកគេកាន់អំណាចទើបមានក្រុមហ៊ុនជប៉ុនមកវិនិយោគ ទាល់តែគេកាន់អំណាចទើបមាន ក្រុមអាមេរិកមកវិនិយោគ ទាន់តែគេកាន់អំណាចទើបមានក្រុហ៊ុនបារាំងមកវិនិយោគ ហើយមានអ្នកខ្លះរហូតដល់បោកខ្ញុំប៉ុណ្ណេះទៀតនោះថា ទាល់តែគេធ្វើ ប្រធានធនាគារជាតិ ទើបជប៉ុនឱ្យខ្ចីលុយ»។ សម្តេចបានបន្ថែមថា «អត់មានចាំបាច់ថាអ្នកនេះកាន់អំណាច អ្នកនោះកាន់អំណាច ទើបអ្នកវិនិយោគគេមកទេ សំខាន់បំផុតសភាពការណ៍ប្រទេសរបស់យើង តើផ្តល់លទ្ធភាពដល់ពួកគេវិនិយោគឬក៏អត់» ។
សម្តេចបានបន្ថែមថា ពេលនេះកម្ពុជាមានការវិនិយោគដោយក្រុមហ៊ុនបរទេសជាច្រើន ដែលរាជរដ្ឋាភិបាលបានផ្តល់ឱកាសដល់ពួកគេ។ សម្តេចថាក្រៅពីក្រុមហ៊ុន ជប៉ុន ក៏មានច្រើនដែរនូវក្រុមហ៊ុនអាមេរិក និង ក្រុមហ៊ុនបារាំង ដែលបានចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យកម្មករ កម្មការិនី ខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីស្វែងរកប្រាក់ចំណេញជូនក្រុមហ៊ុន ។ សម្តេចថ្លែងថា បើក្រុមហ៊ុនចំណេញនោះ ប្រាក់ខែរបស់កម្មករ និយោជិត ក៏នឹងទទួលបានការកើនឡើងទៅតាមជាក់ស្តែងដែរ។
សម្តេចបានមានប្រសាសន៍ថា «សង្ឃឹមថាក្មួយធ្វើការឱ្យបានល្អ ។ កាលណាធ្វើការល្អ ក្រុមហ៊ុនចំណេញក្រុមហ៊ុននឹងដំឡើងប្រាក់ខែឱ្យ»។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើង នៅក្នុងប្រទេសកម្ពុជាក៏នឹងឡើងដល់១៥៣ដុល្លារ ក្នុង១ខែផងដែរ។ ខណៈដែលឆ្នាំ២០១៦នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា មានចំនួន១៤០ដុល្លារ ដោយមិនរាប់បញ្ចូលប្រាក់អត្ថប្រយោជន៍ និងប្រាក់បន្ថែម ម៉ោងផ្សេងៗនោះទេ។ ការដំឡើងប្រាក់ឈ្នួលនៅក្នុងប្រទេសកម្ពុជាតែងបានធ្វើឡើងរៀងរាល់ឆ្នាំ ទៅតាមកំណើនសេដ្ឋកិច្ច៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖