(ស្វាយរៀង)៖ ដោយអនុវត្តតាមការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល និងថ្នាក់ដឹកនាំខេត្ត សាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានធ្វើការចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារអន្តរជាតិបាវិត ផ្សារតាពៅ និងផ្សាររាត្រី ក្រុងបាវិត ខេត្តស្វាយរៀង។
លោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា ក្រុមការងាររបស់លោក បានធ្វើតេស្តបឋមទៅលើផលិតផលមួយចំនួន ដើម្បីរកសារធាតុគីមី ដែលហាមឃាត់មិនអនុញ្ញាតឲ្យប្រើប្រាស់ក្នុងម្ហូបអាហារ និងពិនិត្យម្ហូបអាហារវេចខ្ចប់ស្រេច អំពីសុពលភាពប្រើប្រាស់ គុណភាព សុវត្ថិភាព និងអនាម័យ ជាលទ្ធផលបានដកហូត ទំនិញខូចគុណភាព មួយចំនួន ដូចជា៖ទឹកម្ទេស៧ដប ប្រេងល្ង៨យួរស្មើនឹង៤៨ដប និងទឹកក្រូច២កំប៉ុង។
ជាមួយគ្នានេះ មន្ដ្រីជំនាញបានណែនាំឲ្យអាជីវករទាំងអស់ ដាក់តាំងលក់នូវប្រភេទទំនិញ និងម្ហូបអាហារ ដែលគ្មានលាយបន្ថែមនូវសារធាតុ គីមី មានគុណភាព សុវត្ថិភាព មានអនាម័យ ដើម្បីចូលរួមចំណែកថែរក្សាសុខភាពប្រជាពលរដ្ឋទាំងអស់គ្នា ក៏ដូចជាសុខមាលភាពសង្គមទាំងមូល៕